កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌១០ម៉ឺនដុល្លារដល់ប្រទេសតួកគី

រាជធានីភ្នំពេញ៖ កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាម៉េរិកដល់ប្រទេសតួកគី និងជូនពរចំពោះអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយ និងតំបន់នានាដែលរងផលប៉ះពាល់ត្រូវបានស្ដារឡើងវិញឆាប់រហ័ស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។  ក្រសួងការបរទេស បានបញ្ជាក់ថា៖ «កម្ពុជាមានក្តីរន្ធត់បន្ទាប់ពីបានទទួលព័ត៌មានអំពីសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ វ៉ិចទ័រ ដែលបានកើត ឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣»។ក្រសួងបានអះអាងថា ការបរិច្ចាគវិភាគទាន ជាទឹកប្រាក់ចំនួន ១០០,០០០ (មួយសែន) ដុល្លារអាម៉េរិកនេះ ជាជំនួយមនុស្សធម៌ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងក្នុងស្មារតីមិត្តភាពជិតស្និទ្ធ សាមគ្គីភាព និងចូលរួមជួយសម្រាលទុក្ខលំបាករបស់រដ្ឋាភិបាលតួកគី ផងដែរ។  ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងបានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេសក្រុមគ្រួសារនៃសព៕  សម្រួលដោយ ទៀង បុណ្ណរី

 
អត្ថបទដែលជាប់ទាក់ទង