​ចំនួនអ្នក​ស្លា.ប់​ដោយសារគ្រោះ​រញ្ជួយ​ដី​នៅតួកគី និងស៊ីរី​កើន​ដល់ជាង ៧៨០០​នាក់

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅភាគខាងត្បូងប្រទេសតួកគី និងស៊ីរីបានកើនឡើងដល់ជាង ៧៨០០ នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមស្វែងរកអ្នកដែលនៅរស់រានមានជីវិតពីគំនរបាក់បែកនៃអគារដែលបានដួលរលំ ក្នុងស្ថានភាពរដូវរងាដ៏អាក្រក់។  ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅក្នុងខេត្តចំនួន ១០ ។ ប៉ុន្តែអ្នកស្រុកនៅក្នុងទីក្រុងជាច្រើននៃប្រទេសតួកគីដែលរងការខូចខាតបានសម្តែងការខឹងសម្បារ និងអស់សង្ឃឹមចំពោះអ្វីដែលពួកគេបានលើកឡើងថាជាការឆ្លើយតបយឺត និងមិនគ្រប់គ្រាន់ពីអាជ្ញាធរចំពោះគ្រោះរញ្ជួយដីដ៏សាហាវបំផុតដែលបានវាយប្រហារប្រទេសនេះចាប់តាំងពីឆ្នាំ ១៩៩៩។  ការរញ្ជួយដីកម្រិត ៧,៨ រិចទ័រកាលពីថ្ងៃច័ន្ទទី ៦ ខែកុម្ភៈបានកើតឡើងនៅក្នុងប្រទេសតួកគីនិងស៊ីរី ហើយក៏មានការរញ្ជួយជាបន្តបន្ទាប់ ដែលបានបណ្តាលឱ្យដួលរលំអគាររាប់ពាន់រួមទាំងមន្ទីរពេទ្យ សាលារៀន ផ្ទះល្វែង បណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់រងរបួស និងបានធ្វើឱ្យមនុស្សរាប់មិនអស់គ្មានផ្ទះសម្បែងនៅក្នុងប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរី។  ក្រុមអ្នកជួយសង្គ្រោះពិបាកក្នុងការធ្វើដំណើរទៅដល់តំបន់ដែលរងគ្រោះខ្លាំងបំផុត ដោយត្រូវបានរារាំងដោយផ្លូវដែលត្រូវបានបំផ្លាញ អាកាសធាតុមិនល្អ និងកង្វះខាតធនធាន និងឧបករណ៍ធុនធ្ងន់ក្នុងការជួយសង្គ្រោះប្រជាជន។ តំបន់ខ្លះគ្មានប្រេងឥន្ធនៈ និងអគ្គិសនី។ មន្ត្រីជំនួយបានសម្តែងការព្រួយបារម្ភជាពិសេសអំពីស្ថានភាពនៅក្នុងប្រទេសស៊ីរី ដែលរងទុក្ខរួចហើយដោយវិបត្តិមនុស្សធម៌ បន្ទាប់ពីសង្គ្រាមស៊ីវិលជិត ១២ ឆ្នាំ។  លោក Erdogan បានប្រកាសខេត្តចំនួន ១០ របស់ប្រទេសតួកគីជាតំបន់គ្រោះមហន្តរាយ និងដាក់រដ្ឋក្នុងភាពអាសន្នរយៈពេល ៣ ខែដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលរំលងសភាក្នុងការអនុម័តច្បាប់ថ្មី និងកំណត់ ឬព្យួរសិទ្ធិ និងសេរីភាព។ លោក Erdogan ដែលប្រឈមមុខនឹងការបោះឆ្នោតជាតិក្នុងរយៈពេលបីខែ បាននិយាយថា រដ្ឋាភិបាលនឹងបើកសណ្ឋាគារនៅក្នុងមជ្ឈមណ្ឌលទេសចរណ៍នៃទីក្រុង Antalya ដើម្បីធ្វើជម្រកស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាជនដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។  អនុប្រធានាធិបតីតួកគី លោក Fuat Oktay បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសតួកគីបានកើនឡើងដល់ ៥៨៩៤  និងជាង ៣៤ ០០០ នាក់បានរងរបួស។ នៅក្នុងប្រទេសស៊ីរី ចំនួនអ្នកស្លាប់មានយ៉ាងហោចណាស់ ១៩៣២ នាក់ នេះបើយោងតាមរដ្ឋាភិបាល និងសេវាជួយសង្គ្រោះនៅភាគពាយព្យដែលកាន់កាប់ដោយក្រុមបះបោរ។  អាជ្ញាធរតួកគី បានឱ្យដឹងថា មនុស្សប្រហែល ១៣,៥ លាននាក់ត្រូវបានរងផលប៉ះពាល់នៅក្នុងតំបន់ដែលមានចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រពីទីក្រុង Adana នៅភាគខាងលិចដល់ទីក្រុង Diyarbakir នៅភាគខាងកើត និង ៣០០ គីឡូម៉ែត្រពីទីក្រុង Malatya នៅភាគខាងជើងទៅទីក្រុង Hatay នៅភាគខាងត្បូង។  អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយនៅទីក្រុងហ្សឺណែវថា៖«ឥឡូវនេះវាជាការប្រកួតប្រជែងនឹងពេលវេលា។ រៀងរាល់នាទី រាល់ម៉ោងដែលកន្លងផុតទៅ ឱកាសនៃការស្វែងរកអ្នកនៅរស់រានមានជីវិតថយចុះ»។ នៅទូទាំងតំបន់ ក្រុមអ្នកជួយសង្គ្រោះបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ខណៈដែលប្រជាជនកំពុងរង់ចាំដោយទុក្ខព្រួយក្នុងក្ដីសង្ឃឹមថាមិត្តភក្តិ សាច់ញាតិ និងអ្នកជិតខាងរបស់ពួកគេអាចត្រូវបានរកឃើញនៅរស់។  បុគ្គលិករុករក និងជួយសង្គ្រោះតួកគីជាង ១២ ០០០នាក់ កំពុងធ្វើការនៅតំបន់រងគ្រោះ រួមជាមួយនឹងទាហាន ៩០០០នាក់។ ប្រទេសជាង ៧០ បានផ្តល់ក្រុមជួយសង្គ្រោះ និងជំនួយផ្សេងទៀត។ ប៉ុន្តែទំហំនៃគ្រោះមហន្តរាយគឺធំ ដូច្នេះត្រូវចំណាយពេលច្រើន និងពិបាកក្នុងប្រតិបត្តិការផ្សេងៗ។  អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ប្រទេសតួកគី បានបង្ហាញថា អគារចំនួន ៥៧៧៥ ត្រូវបានបំផ្លាញនៅក្នុងការរញ្ជួយដីនេះ ហើយមនុស្សចំនួន ២០ ៤២៦ នាក់បានរងរបួស។ អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ លោក James Elder បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា ការរញ្ជួយដីប្រហែលជាបានសម្លាប់កុមាររាប់ពាន់នាក់៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង