កសិករដាំស្វាយកែវរមៀតនៅខេត្តប៉ៃលិន សម្រេចកាប់ចោល ក្រោយកសិផលមួយនេះធ្លាក់ថ្លៃយ៉ាងគំហុក

ខេត្តប៉ៃលិន៖ ដំណាំស្វាយកែវរមៀតជាង២០០ដើម ស្ថិតនៅក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ត្រូវបានម្ចាស់កាប់ចោល បន្ទាប់ពីតម្លៃទីផ្សារធ្លាក់ចុះយ៉ាងគំហុក ពោលគឺធ្លាក់ចុះពីតម្លៃ២០០០រៀល មកនៅត្រឹម៤០០ រៀលក្នុង១គីឡូក្រាម…។  បើតាមការឱ្យដឹងពីម្ចាស់ចម្ការខាងលើ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បញ្ជាក់ថា ដំណាំស្វាយកែវរមៀតរាប់រយដើម ត្រូវបានដាំដុះអស់រយ:ពេលជាច្រើនឆ្នាំមកហើយ ពោលគឺដើមក៏មានទំហំធំ មិនចង់បំផ្លាញចោលទេ ប៉ុន្តែតម្លៃផ្លែស្វាយមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ ដែលមិនអាចនឹងទុកទៀតបាន ព្រោះផលទទួលបានមិនរួចថ្លៃចំណាយ។ កន្លងមកមន្ត្រីកសិកម្មតែងផ្សព្វផ្សាយថា ដំណាំមួយប្រភេទនេះ មានទីផ្សារនៅក្រៅប្រទេស ពិសេសប្រទេសចិនតែម្ដង តែដល់ប្រជាពលរដ្ឋនាំគ្នាដាំ  បែរជាតម្លៃធ្លាក់ថ្លៃរហូតមិនអាចទ្រទ្រង់ដល់ការចំណាយវិញបាន ដូច្នេះ ជម្រើសមានតែមួយគឺកាប់ចោល ដាំអ្វីផ្សេងជំនួសវិញ។  ម្ចាស់ចម្ការខាងលើ បន្តថា ពួកគាត់មួយលែងចង់ដាំស្វាយកែវរមៀត ឬដំណាំមៀនប៉ៃលិនទៀតហើយ ព្រោះដាំរួច បែរជាតម្លៃទីផ្សារធ្លាក់ចុះ ខុសពីដំឡូងមី ដែលឡើងថ្លៃខ្ពស់ គឺប្រជាកសិករ បានសម្រេចកាប់ចោលដើមស្វាយ និងដើមតាង៉ែន ប្តូរមកដាំដំណាំវិលជុំវិញ ក្រែងបានថវិកាខ្លះយកទៅសងបំណុលគេ។ ឯអ្នកភូមិខ្លះទៀត កំពុងរង់ចាំមើលមួយឆ្នាំនេះទៀត បើនៅតែមិនឡើងថ្លៃទេ ពួកគេក៏នឹងកាប់ចោលដូចគ្នា ព្រោះម្នាក់ៗខាតបង់លុយកាក់រាប់លានក្នុង១ឆ្នាំៗ លើដំណាំស្វាយកែវរមៀតនេះ។ ដោយឡែក មន្ត្រីរដ្ឋបាលខេត្តប៉ៃលិន បានថ្លែងប្រាប់ថា រឿងប្រជាពលរដ្ឋនាំគ្នាកាប់ដើមស្វាយកែវរមៀតចោលអស់នោះ ជាសិទ្ធិរបស់ពួកគាត់ ក្នុងនាមអាជ្ញាធរមិនអាចឃាត់ឃាំងបានទេ ប៉ុន្តែលោកសូមណែនាំថា ប្រសិនបើមិនទាន់ជ្រើសរើសដំណាំអ្វីឱ្យច្បាស់ទេ កុំទាន់អាលកាប់ចោលអី ព្រោះទម្រាំដាំបានដើមធំៗប៉ុណ្ណេះ គឺចំណាយពេលយូណាស់ តែបើមានជម្រើសល្អហើយ គឺគួរតែផ្លាស់ប្ដូរ ព្រោះពួកគាត់មិនអាចរង់ចាំការខាតបង់ជារៀងរាល់ឆ្នាំបានទេ…៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង