ការបើកជើងហោះហើរត្រង់រវាងកម្ពុជា-ចិន នៅក្នុងខែកុម្ភៈនេះ នឹងបន្តកើនឡើងទ្វេដង
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលរដ្ឋាភិបាលចិន ប្រកាសបើកផ្លូវការ អនុញ្ញាតឱ្យក្រុមហ៊ុនទេសចរណ៍នានានាំភ្ញៀវទេសចចេញដើរកម្សាន្ត នៅតាមប្រទេសគោលដៅអនុញ្ញាតចំនួន២០ប្រទេស ក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា តាមរយៈការប្រកាសបើកទេសចរណ៍ចិន បានធ្វើឲ្យជើងហោះហើរកម្ពុជា ចិន កើនឡើងទ្វេដងនៅក្នុងខែកុម្ភៈនេះ។ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានថ្លែងប្រាប់ នៅថ្ងៃទី០៦ ខែកុម្ភៈនេះថា ចាប់តាំងពីរដ្ឋាភិបាលចិន ប្រកាសបើកប្រទេសចិនវិញ នៅថ្ងៃទី០៣ ខែមករានេះមក សំគាល់ឃើញថា ចំនួនជើងហោះហើរកម្ពុជា-ចិននៅក្នុងខែមករា ឆ្នាំ២០២៣ មានកំណើនជាង៧០% ធៀបនឹងខែធ្នូឆ្នាំ២០២២ ហើយនៅក្នុងខែកុម្ភៈនេះ មានក្រុមហ៊ុនអាកាសចរណ៍ចិនដាក់សំណើរហោះហើរត្រង់កម្ពុជា-ចិន កើនដល់ជាង ៦០០ជើង ពោលគឺកើនឡើងជាង ២ដងបើធៀបនឹងខែមករា។ ឯកឧត្តម ជា អូន បន្តថា ចាប់ពីថ្ងៃស្អែកនេះតទៅ មានក្រុមហ៊ុនអាកាសចរណ៍ចិនមួយ បានប្រកាសបើកជើងហោះហើរត្រង់ទៅមករាជធានីភ្នំពេញ ក្រុងប៉េកាំងប្រទេសចិនជាដំបូង និងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន២២ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន១៦ និងកម្ពុជាចំនួន ៦ក្រុមហ៊ុនផងដែរ បានតភ្ជាប់ជើងហោះហើរត្រង់ចំនួន ៣៧ខេត្តក្រុង ក្នុងនោះកម្ពុជាចំនួន ៣ខេត្តក្រុង និងភាគីចិនចំនួន ៣៤ខេត្តក្រុង ។ បើតាមភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសចិន បានថ្លែងថា ពួកគេសប្បាយចិត្តណាស់ ដែលប្រទេសចិនប្រកាសបើកប្រទេសវិញ ហើយគោលដៅទេសចរណ៍ដំបូងបំផុត គឺចង់មកទស្សនាកម្ពុជា ពិសេសទៅទស្សនាប្រាសាទអង្គរវត្ត និងគោលដៅទេសចរណ៍នានាទៀតនៅកម្ពុជា ។ តាមឲ្យដឹងពីគណៈកម្មការអន្តរក្រសួង សម្រួលការធ្វើការដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ. អ.ច.ទ) ៖ ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ ប្រទេសចិនប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុនទេសចរណ៍នាំភ្ញៀវទេសចរចិនចេញក្រៅប្រទេស ដោយជ្រើសរើសគោលដៅប្រទេសចំនួន២០រួមមាន៖ ប្រទេសកម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ម៉ាលឌីវ ស្រីលង្កា អារ៉ាប់រួម អេហ្ស៊ីប កេនយ៉ា អាហ្រឹ្វកខាងត្បូង រុស្ស៊ី សី្វសហ្សឺឡេន ហុងគ្រី ញ៉ូវហ្សេឡេន ហ្វីជី គុយប៉ា និងអាហ្សង់ទីន៕ សម្រួលដោយ ទៀង បុណ្ណរី