ផ្លូវប្របមាត់ទន្លេក្នុងស្រុកព្រែកប្រសព្វ នឹងបន្តចាក់កៅស៊ូសម្រួលធ្វើដំណើររបស់ពលរដ្ឋ
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវខេត្តលេខ ២៧៩ ប្របតាមដងទន្លេត្រើយខាងលិចក្នុងស្រុកព្រែកប្រសព្វ នឹងបន្តស្ថាបនាជាផ្លូវកៅស៊ូនៅឆ្នាំ ២០២៣ តាមផែនការអភិវឌ្ឍរបស់ខេត្ត។ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះបានឲ្យដឹងថា កំណាត់ផ្លូវនេះចាក់កៅស៊ូបានមួយចំនួន និងកន្លែងខ្លះនៅជាគ្រួសក្រហមនៅឡើយ។ ផ្លូវខេត្តនេះឆ្លងកាត់ភូមិសាស្រ្តខេត្តក្រចេះមានប្រវែង ៧៣ គីឡូម៉ែត្រក្នុងនោះបានចាក់ក្រាលកៅស៊ូបានប្រវែងជាង ២២ គីឡូម៉ែត្រ និងនៅសល់ជាង ៥១ គីឡូម៉ែត្រជាផ្លូវគ្រួសក្រហម។ បើតាមលោក សាំង ប៊ុនថេន នៅឆ្នាំ ២០២៣ មន្ទីរសាធារណការខេត្តមានគម្រោងចាក់ក្រាលកៅស៊ូបន្តប្រវែង ២.៨ គីឡូម៉ែត្រនៅក្នុងឃុំកំពង់គរ ក្នុងស្រុកព្រែកប្រសព្វ។ ចំណែកកងវិស្វកម្មនឹងបន្តធ្វើប្រវែង ៣ គីឡូម៉ែត្រ នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។ ដោយឡែកក្រុមហ៊ុនចិនក្នុងកញ្ចប់ជំហានទី ២ ក៏មានគម្រោងចាក់កៅស៊ូប្រវែង ១៣.៧ គីឡូម៉ែត្រ។ ដូចនេះកំណាត់នៅសល់នឹងបន្តធ្វើតាមផែនការនៅឆ្នាំបន្តបន្ទាប់។ គួរបញ្ជាក់ថា កំណាត់ផ្លូវខេត្តលេខ ២៧៩ ជាបណ្ដាញផ្លូវលំតភ្ជាប់ពីខេត្តកំពង់ចាមដល់ខេត្តក្រចេះតាមបណ្ដោយខាងលិចដងទន្លេមេគង្គមានប្រវែងសរុបជាង ១៣៦,៩គីឡូម៉ែត្រ។ កាលពីមុនផ្លូវនេះសាងសង់ជាប្រភេទផ្លូវលំក្រាលក្រួសក្រហម សម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋទូទៅដែលស្ថិតនៅខាងលិចទន្លេមេគង្គ។ យ៉ាងណាមិញ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះដែលបានបើកការដ្ឋាននៅដើមឆ្នាំនេះ ភ្ជាប់ពីត្រើយខាងកើតមកត្រើយខាងលិចមកស្រុកព្រែកប្រសព្វ នឹងជំរុញការធ្វើចរាចរណ៍កាន់តែមមាញឹក។ បណ្តាញផ្លូវយុទ្ធសាស្រ្តនេះក៏ភ្ជាប់ទៅជាមួយផ្លូវ ៦០B ពីខេត្តក្រចេះទៅខេត្តកំពង់ធំភ្ជាប់ជាមួយផ្លូវជាតិលេខ ៦ ត្រង់ផ្លូវបំបែកកំពង់ថ្មបន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧១A តាមបណ្តោយមាត់ទន្លេមេគង្គឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែងនៅផ្នែកខាងលើ និងឆ្ពោះទៅខេត្តកំពង់ចាមនៅផ្នែកខាងក្រោមទន្លេមេគង្គ៕ សម្រួលដោយ ទៀង បុណ្ណរី