សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​អនុប្រធាន​មូលនិធិអន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ចូល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាតឲ្យលោកស្រី Jyosna Puri អនុប្រធានមូលនិធិអន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ចូល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារ។ តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឲ្យដឹងនៅក្រោយជំនួបថា លោកស្រីអនុប្រធានមូលនិធិអន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​បានសំដែងនូវការគោរពចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គម ជាពិសេសក្នុងគ្រាមានកូវីដ១៩ ដែលក្នុងនោះសម្ដេចតេជោបានដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ជំងឺនេះបានយ៉ាងជោគជ័យ ។ លោកស្រីបានមានប្រសាសន៍ទៀតថា សម្ដេចតេជោក៏បានជួយឲ្យប្រជាពលរដ្ឋឆ្លងកាត់បន្ទាត់ក្រីក្រ ជួយក្នុងកិច្ចគាំពារសង្គម ខាងអាហារូបត្ថម្ភ និងការដាក់ចេញនយោបាយដ៏ល្អ សម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍជនបទ ឲ្យមានអ្នកបច្ចេកទេសកសិកម្មនៅតាម ឃុំ តាមជនបទ និងកម្មវិធីស្រោចស្រព នៃវិស័យកសិកម្ម ដើម្បីជំរុញការផលិតកសិផលដែលមានគុណភាពស្របតាមតម្រូវការទីផ្សារ។ លោកស្រី Jyosna Puri បានគោរពជម្រាបជូនសម្ដេចតេជោថា អង្គការមូលនិធិអន្តរជាតិសម្រាប់វិស័យកសិកម្មសូមសម្ដែងនូវការគោរព និង គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងការរក្សាសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍន៍របស់កម្ពុជាលើវិស័យកសិកម្ម។ លោកស្រីក៏បានគោរពថ្លែងអំណរគុណជួសមុខឱ្យប្រធានមូលនិធិប្រតិភូចូលរួម ចំពោះការបង្កើនវិភាគទានពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ សម្រាប់ឆ្នាំ២០២៥ -២០២៨ ហើយបានប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជាលើវិស័យកសិកម្មឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា មូលនិធិអង្គការអន្តរជាតិសម្រាប់វិស័យកសិកម្ម ជាដៃគូល្អជាដៃគូដែលមានអាយុកាលជាង៣០ឆ្នាំមកហើយ ហើយអង្គការនេះមានទស្សនៈដូចគ្នា។ ក្នុងន័យនេះ យើងត្រូវបន្តភាពជាដៃគូរបស់យើងបន្តទៅទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា កម្ពុជាបានផ្ដោតកាយយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ចង់ធ្វើយ៉ាងណាឱ្យកសិករផលិតហើយទទួលបានផលចំណេញ ចង់រក្សាកុំឱ្យអ្នកដើរឆ្លងផុតបន្ទាត់ក្រីក្រហើយធ្លាក់ចុះទៅវិញ និងចង់ជំរុញឲ្យវិស័យកសិកម្មទៅជាកសិពាណិជ្ជកម្ម និងកសិឧស្សាហកម្ម។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសំដែងនៅសេចក្តីរីករាយផ្សារជាថ្មីម្ដងទៀតចំពោះភាពជាដៃគូដ៏ល្អជាមួយអង្គការមូលនិធិអន្តរជាតិសម្រាប់វិស័យកសិកម្ម ហើយបានសម្រេចលើការបង្កើនវិភាគទានរបស់កម្ពុជាពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ ចាប់ពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨៕

អត្ថបទដែលជាប់ទាក់ទង