កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ ចាប់ផ្តើមហ្វឹកហ្វាត់ជំនាញមុជទឹកបន្ទាប់ពីទទួលអំណោយសម្ភារៈរបស់សម្តេចតេជោ
ព្រះសីហនុ ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលបានអំណោយជាសម្ភារៈពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧១១ នៃកងពលតូចលេខ៧០ បានរៀបចំការហ្វឹកហ្វឺនជំនាញមុជទឹករយៈពេលមួយសប្តាហ៍ ដើម្បីពង្រឹងសមត្ថភាពជួយសង្គ្រោះជនរងគ្រោះក្នុងផ្ទៃទឹក ខណៈលំហាត់ហ្វឹកហ្វឺននេះធ្វើឡើងនៅទីតាំងឆ្នេរព្រែកត្រែង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បាន គូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់ថវិកា ដើម្បីរៀបចំជាជំនួយសម្ភារៈឧបករណ៍បម្រើដល់ប្រតិបត្តិការសង្គ្រោះក្នុងផ្ទៃទឹក ដូចជា បឹង ស្ទឹង ទន្លេ និងសមុទ្រជាដើម។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគិតគូរដល់កងប្រតិបត្តិការរុករក និងសង្គ្រោះ សរុបទាំង១៧កង សំដៅឲ្យប្រតិបត្តិការអន្តរាគមន៍ទាំងឡាយដែលកើតឡើងជាយថាហេតុទទួលបានប្រសិទ្ធភាពខ្ពស់ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា ការផ្តល់ជំនួយសម្ភារៈនេះជាការឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាស្ថានភាពដែលជួបប្រទះនាពេលកន្លងមក ក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរកជនរងគ្រោះដែលលិចលង់ដោយឧបទ្ទវហេតុផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា សម្រាប់កម្ពុជាស្ទើរ ជា រៀងរាល់ឆ្នាំ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំង ទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា ទោះជាយ៉ាងណារាជរដ្ឋាភិបាលបានផ្តល់អាទិភាពលើការងារ គ្រប់គ្រង គ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គប្រយុទ្ធលើគ្រប់សមរភូមិម្ចាស់ ការបាន លើ គ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ៕ សម្រួលដោយ ទៀង បុណ្ណរី