កីឡាសម្តេចពិជ័យសេនា ទៀ បាញ់ «ពេលនេះជាពេលប្រកាសអាសន្នក្នុងពន្លឿនគ្រប់ផ្នែកដើម្បីស៊ីហ្គេម»
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) និងគណៈកម្មការជំនាញនានាបានចុះត្រួតពិនិត្យការសាងសង់ភូមិកីឡាដែលជាកន្លែងរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាពេលប៉ុន្មានខែខាងមុខនេះ។ តាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC មានប្រសាសន៍ថា ៖«តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ពេលនេះជាពេលប្រកាសអាសន្ន ក្នុងការពន្លឿនលើគ្រប់ផែនការទាំងអស់ឲ្យបានរួចរាល់ និងទាន់ពេលវេលា។ យើងក៏ជឿជាក់លើការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុនសាងសង់ថា នឹងសាងសង់ឲ្យបានរួចរាល់ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដើម្បីត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឲ្យទទួលបានជោគជ័យ»។ រហូតដល់ពេលនេះការសាងសង់ភូមិកីឡានៅមិនទាន់រួចរាល់ឡើយ ខណៈពេលវេលានៃដំណើរឆ្ពោះទៅស៊ីហ្គេម នៅសល់ត្រឹមតែ៩៤ថ្ងៃទៀតប៉ុណ្ណោះគិតត្រឹមថ្ងៃទី៣១ ខែមករា។ យ៉ាងណា ការសាងសង់ភូមិកីឡាត្រូវបានកំណត់តាមដំណាក់កាលដោយគិតត្រឹមបំណាច់ខែមករានេះ ឲ្យរួចរាល់ចំនួន១៨៣០គ្រែ នៅខែកុម្ភៈខាងមុខត្រូវរួចរាល់២០០០គ្រែបន្ថែមទៀត និងត្រឹមបំណាច់ខែមីនាត្រូវរួចរាល់ទាំងអស់ដើម្បីសរុបចំនួន៦០០០គ្រែ។ គ្រែទាំង៦០០០នេះគឺសម្រាប់នៅភ្នំពេញដែលអត្តពលិកត្រូវស្នាក់នៅ ហូបចុក ក្នុងភូមិកីឡាយ៉ាងតិចចន្លោះ ៤០០០ទៅ ៥០០០នាក់ ក្នុង១ថ្ងៃ។ ក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម កម្ពុជាអាចល្អប្រសើរជាងប្រទេសម្ចាស់ផ្ទះកីឡាមួយចំនួនទៀតដែលមិនមានភូមិកីឡា ពីព្រោះតាមស្មារតីកីឡាអូឡាំពិក រាល់ម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាធំៗត្រូវមានភូមិកីឡា ខណៈប្រទេសអាស៊ានខ្លះដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេមមិនមានភូមិកីឡាទេដោយឲ្យអត្តពលិក និងប្រតិភូស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ឬខុនដូជាដើម៕ សម្រួលដោយ ទៀង បុណ្ណរី