ហ្សេឡេនស្គី ទទូចឱ្យលោកខាងលិចបញ្ជូនអាវុធមកបន្ថែមនិងលឿនជាងមុន

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ( Volodymyr Zelenskyy) បាននិយាយកាលពីថ្ងៃអាទិត្យទី ២៩ ខែមករាថា អ៊ុយក្រែនត្រូវការសព្វាវុធថ្មីៗ និងការផ្គត់ផ្គង់លឿនជាងមុន ដើម្បីប្រឈមមុខនឹងស្ថានភាពដ៏តឹងតែងនៃការវាយប្រហារឥតឈប់ឈររបស់កងកម្លាំងរុស្ស៊ី នៅក្នុងតំបន់ដូណេត (Donetsk) ភាគខាងកើតប្រទេស។  លោក ហ្សេឡេនស្គី បាននិយាយក្នុងសន្និសីទតាមវីដេអូពេលយប់របស់លោកថា ៖«ស្ថានការណ៍គឺតានតឹងណាស់ណាស់ ដោយទីក្រុង Bakhmut និង Vuhledar រួមទាំងតំបន់ Donetsk ទទួលរងការវាយប្រហារពីសំណាក់រុស្ស៊ីជាបន្តបន្ទាប់ ខណៈទីក្រុងម៉ូស្គូព្យាយាមឥតឈប់ឈរដើម្បីទម្លុះកំផែងការពាររបស់យើង»។ លោកបានសង្កត់ធ្ងន់ថា ៖«រុស្ស៊ីចង់ឱ្យសង្រ្គាមអូសបន្លាយ និងបំបាក់កងកម្លាំងរបស់យើង ដូច្នេះយើងត្រូវបង្កើនល្បឿនព្រឹត្តិការណ៍ បង្កើនល្បឿនការផ្គត់ផ្គង់ និងបើកជម្រើសអាវុធថ្មីៗសម្រាប់អ៊ុយក្រែន»។  អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយនៅព្រឹកថ្ងៃអាទិត្យទី ២៩ ខែមករាថា កងកម្លាំងរបស់ខ្លួនបានវាយលុកលើការវាយប្រហារនៅជិតភូមិ Blahodatne នៅភាគខាងកើតនៃតំបន់ដូណេត ខណៈដែលក្រុមយោធាឯកជន Wagner របស់រុស្ស៊ីបានអះអាងថា ខ្លួនបានគ្រប់គ្រងភូមិនេះ។  នៅក្នុងការវាយប្រហារចុងក្រោយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងតំបន់លំនៅដ្ឋានក្នុងទីក្រុងឃឺសុន (Kherson) ភាគខាងត្បូងប្រទេសអ៊ុយក្រែន បានបណ្តាលឱ្យមនុស្សយ៉ាងតិច៣នាក់ស្លាប់។ នេះបើតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងកាលពីថ្ងៃអាទិត្យទី ២៩ ខែមករាចុងសប្តាហ៍កន្លងទៅនេះ។ រណសិរ្សនៅភាគខាងត្បូងអ៊ុយក្រែន កំពុងមានភាពស្ងប់ស្ងាត់នាពេលថ្មីៗនេះ បើធៀបទៅនឹងតំបន់ភាគខាងកើត ដោយសារទីក្រុងមូស្គូបានដកខ្លួនចេញពីទីក្រុងឃឺសុន កាលពីខែវិច្ឆិកាឆ្នាំមុន។ ប៉ុន្តែទីក្រុងសំខាន់ៗ និងរដ្ឋធានីក្នុងតំបន់នៃតំបន់ឃឺសុន នៅតែជាកម្មវត្ថុនៃការបាញ់ផ្លោងរបស់រុស្ស៊ីជាញឹកញាប់។ រដ្ឋបាលតំបន់ឃឺសុន បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការ​វាយ​ប្រហារ​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​បី​នាក់ ក្នុងនោះមាន​បុរស​២​នាក់ ​និង​ស្ត្រី​ម្នាក់ ​ចំណែក ៦​នាក់​ទៀត​រង​របួស ដោយបន្ថែមថា គ្រឿងបរិក្ខារស៊ីវិលត្រូវបានខូចខាត រួមមាន មន្ទីរពេទ្យគ្លីនិកក្នុងតំបន់ សាលារៀន ស្ថានីយរថយន្តក្រុង ការិយាល័យប្រៃសណីយ៍ ធនាគារ និងអគារលំនៅដ្ឋាន។ ក្នុងចំណោមអ្នករងរបួសមានគិលានុបដ្ឋាយិកាម្នាក់ និងបុគ្គលិកហាងកាហ្វេរបស់មន្ទីរពេទ្យ ដែលបានរងរបួសកម្រិតមធ្យម។  លោក ហ្សេឡេនស្គី បានចេញសេចក្តីអំពាវនាវចុងក្រោយរបស់លោកសម្រាប់ការបង្កើនការដឹកជញ្ជូនអាវុធនៅប៉ុន្មានថ្ងៃបន្ទាប់ពីអាល្លឺម៉ង់ និងសហរដ្ឋអាម៉េរិកបាននាំមុខលើប្រទេសដែលបានចុះបញ្ជីយល់ព្រមផ្គត់ផ្គង់រថក្រោះទំនើបៗដល់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ កាលពីថ្ងៃសៅរ៍ ទី២៨ ខែមករា បានទទូចថា អ៊ុយក្រែនត្រូវការមីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាម៉េរិកដែលបាញ់បានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ប៉ុន្តែរហូតមកដល់ពេលនេះទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិនផ្គត់ផ្គង់ទេ។ ជាមួយគ្នានេះ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា ការពិភាក្សាកំពុងដំណើរការលើការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ខណៈអ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនបានលើកឡើងអំពីការចរចាលើការផ្ដល់យន្តហោះចម្បាំង។  គួរបញ្ជាក់ថា អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្កុលស៍ (Olaf Scholz) ក៏បានអះអាងជាថ្មីកាលពីថ្ងៃអាទិត្យទី ២៩ ខែមករា ដូចទៅហ្នឹងទីក្រុងវ៉ាស៊ីនតោនដែរថា អាល្លឺម៉ង់នឹងមិនបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែនទេ ដោយសារតែខ្លួនទើបតែបានយល់ព្រមកាលពីថ្ងៃពុធ ទី២៥ ខែមករា ក្នុងការបញ្ជូនកំពូលរថក្រោះខ្លារខិន Leopard 2 ចំនួន ១៤ គ្រឿងទៅកាន់ទីក្រុងកៀវ៕  សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង