កូរ៉េខាងជើង​ហៅ​ការ​សន្យាផ្តល់រថក្រោះ​របស់​អាម៉េរិក​ដល់អ៊ុយក្រែនថាជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ

កូរ៉េខាងជើងនៅថ្ងៃអាទិត្យទី ២៩ ខែមករា បានរិះគន់ជាលើកទីពីរចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែន ដោយហៅវាថាជា «អំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ក្នុងគោលបំណងធ្វើឱ្យស្ថានការណ៍អន្តរជាតិមិនស្ថិតស្ថេរ។ លោក Kwon Chung-keun ប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការអាម៉េរិកនៅក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន ដែលថាកូរ៉េខាងជើងបានផ្តល់អាវុធដល់ប្រទេសរុស្ស៊ី គឺជាកិច្ចខិតខំប្រឹងប្រែងគ្មានមូលដ្ឋាន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃជំនួយយោធារបស់ខ្លួនដល់ប្រទេសអ៊ុយក្រែន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ។ សេចក្តីថ្លែងការណ៍ បានរៀបរាប់ថា៖«ការប៉ុនប៉ងរបស់សហរដ្ឋអាម៉េរិកក្នុងការបញ្ជូនឧបករណ៍យោធា ដូចជារថក្រោះប្រយុទ្ធចូលទៅក្នុងអ៊ុយក្រែនដោយមិនអើពើនឹងការព្រួយបារម្ភស្របច្បាប់ និងការថ្កោលទោសរបស់សហគមន៍អន្តរជាតិ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលមានគោលបំណងធ្វើឱ្យស្ថានការណ៍អន្តរជាតិអស្ថិរភាព»។ លោក Kwon បានបន្ថែមថា ការអះអាងដោយគ្មានមូលដ្ឋាននៃកិច្ចព្រមព្រៀងអាវុធកូរ៉េខាងជើង និងរុស្ស៊ី គឺជាមិនអាចទទួលយកបាន និងជាការបង្កហេតុដ៏ធ្ងន់ធ្ងរដែលត្រូវតែឆ្លើយតប។ KCNA រាយការណ៍ថា កាលពីថ្ងៃសៅរ៍ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) គឺលោកស្រី Kim Yo Jong បានបរិហារការសន្យារបស់សហរដ្ឋអាម៉េរិកចំពោះការផ្ដល់រថក្រោះប្រយុទ្ធដល់អ៊ុយក្រែន ដោយអះអាងថាទីក្រុងវ៉ាស៊ីនតោនកំពុងឆ្លងកាត់ខ្សែបន្ទាត់ក្រហមបន្ថែមទៀត ដើម្បីឈ្នះអនុត្តរភាពដោយសង្គ្រាមប្រូកស៊ី។  ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសបារាំងបាននិយាយតាមទូរទស្សន៍ BFM កាលពីថ្ងៃសុក្រទី ២៧ ខែមករាថា ប្រទេសនានាបានសន្យាផ្តល់រថក្រោះធុនធ្ងន់សរុបចំនួន ៣២១ គ្រឿងដល់់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ លោក Vadym Omelchenko ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសបារាំងបាននិយាយនៅក្នុងបទសម្ភាសមួយជាមួយស្ថានីយទូរទស្សន៍បារាំង BFM ថា៖«គិតត្រឹមថ្ងៃនេះ ប្រទេសជាច្រើនបានបញ្ជាក់ជាផ្លូវការនូវកិច្ចព្រមព្រៀងរបស់ពួកគេក្នុងការប្រគល់រថក្រោះធុនធ្ងន់ចំនួន ៣២១ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន»។ លោកបានបន្ថែមថា លក្ខខណ្ឌនៃការដឹកជញ្ជូនមានភាពខុសប្លែកគ្នាសម្រាប់ករណីនីមួយៗ ហើយយើងត្រូវការជំនួយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យ៉ាងណាមិញ លោក Omelchenko មិនបានផ្តល់នូវការព័ត៌មានលម្អិតថាប្រទេសមួយផ្តល់ឱ្យរថក្រោះចំនួនប៉ុន្មាននោះទេ។  ក្នុងកិច្ចខិតខំប្រឹងប្រែងជួយដល់អ៊ុយក្រែន ប្រទេស​លោក​ខាង​លិច​ជា​ច្រើន​ដែល​ដឹក​នាំ​ដោយ​អាល្លឺម៉ង់ និង​សហរដ្ឋ​អាម៉េរិក​បាន​បញ្ជាក់​ថា​ពួកគេ​នឹង​បញ្ជូន​រថក្រោះ​ទៅ​ទីក្រុងកៀវ ដើម្បីប្រយុទ្ធនឹងការឈ្លានពានរបស់ទីក្រុងមូស្គូ។ ការផ្ដល់រថក្រោះរបស់លោកខាងលិចដល់អ៊ុយក្រែនធ្វើឡើងស្របការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលបានជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិចប្រគល់រថក្រោះទៅឱ្យអ៊ុយក្រែននៅក្នុងសន្និសិទការពារជាតិដ៏សំខាន់មួយក្នុងប្រទេសអាឡឺម៉ង់ ទោះបីជាវិមានក្រែមឡាំងបានបដិសេធថាអាវុធនឹងផ្លាស់ប្ដូរស្ថានការណ៍នៅលើសមរភូមិឱ្យកាន់តែតានតឹងក៏ដោយ។ លោក Zelenskyy ក៏បានអង្វរដល់សម្ព័ន្ធមិត្តលោកខាងលិចឱ្យបង្កើនល្បឿននៃផ្គត់ផ្គង់សព្វាវុធបន្ថែមដល់ក្រុងកៀវផងដែរ ខណៈសង្គ្រាមឈានចូលខែទី ១១។ កូរ៉េខាងជើង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានបាញ់បង្ហោះមីស៊ីលក្នុងចំនួនច្រើនមិនធ្លាប់មានពីមុនមកកាលពីឆ្នាំមុន រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ដែលមានសមត្ថភាពវាយប្រហារទៅដល់ដីគោករបស់សហរដ្ឋអាម៉េរិក។ មន្ត្រីអាម៉េរិក និងកូរ៉េខាងត្បូងក៏បានព្រមានថា កូរ៉េខាងជើងអាចនឹងរៀបចំសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ ផងដែរ។  គួររំឭកថា សេតវិមានបានបញ្ជាក់កាលពីខែធ្នូថា ប្រទេសកូរ៉េខាងជើងបានបញ្ចប់ការបញ្ជូនអាវុធដំបូងបង្អស់នៃគ្រាប់រ៉ុក្កែតថ្មើរជើង និងមីស៊ីលទៅកាន់ក្រុមហ៊ុនយោធារុស្ស៊ីឯកជនមួយគឺ Wagner Group ដើម្បីជួយកងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង