លទ្ធផលជំរឿនសត្វស្លាបទឹកអាស៊ី បឋម នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និង អន្លង់ព្រីង រកឃើញចំនួន ១២៥ប្រភេទ

មន្ត្រីអង្គារ Nature Life បានឱ្យដឹងនៅថ្ងៃអាទិត្យ ៨កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ថា នៅសប្ដាហ៍ទី៣នៃ ខែមករា ឆ្នាំ២០២៣ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានសហការជាមួយមន្ត្រីឧទ្យានុរក្សនៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និង តំបន់ការពារទេសភាពអន្លង់ព្រីង ដើម្បីធ្វើការជំរឿនសត្វស្លាបទឹកអាស៊ី (Asian Water Bird Census) ប្រចាំឆ្នាំ២០២៣ ដែលជំរឿននេះ តែងតែធ្វើជាប្រចាំជារៀងរាល់ឆ្នាំ ។  ប្រភពដដែល បង្ហាញទៀតថា លទ្ធផលជំរឿនបថមប្រចាំឆ្នាំ២០២៣ របស់អង្គការជីវិតធម្មជាតិនៅកម្ពុជា ជាមួយមន្ត្រីឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និង តំបន់ការពារទេសភាពអន្លង់ព្រីង ដែលសត្វស្លាបគ្រប់ប្រភេទត្រូវបានកត់ត្រាមានចំនួន ១២៥ ប្រភេទ ក្នុងនោះតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ មានចំនួន ៩១ប្រភេទ និង ចំនួន ៣៤ប្រភេទត្រូវបានកត់ត្រានៅ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។  តំបន់ការពារទេសភាពអន្លង់ព្រីង មានក្រឡាផ្ទៃសរុប ២១៧ហិកតា ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ រីឯតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងខេត្តតាកែវ មានផ្ទៃដីទំហំ ៨ ៣០៥ហិកតា ដែលចេញអនុក្រឹត្យលេខ៩០ អនក្រ បក ចុះ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង