អភិបាលរងខេត្ដសៀមរាប៖ ព្រឹត្តិការណ៍បុណ្យអង្ករ នឹងជួយផ្សព្វផ្សាយពីវិស័យ​ទេសចរណ៍​ខេត្តសៀមរាប និងវិស័យស្រូវអង្ករកម្ពុជាឱ្យពិភពលោកស្គាល់កាន់តែច្រើន

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប​បានថ្លែងថា អាជ្ញាធរខេត្តសៀមរាបរំពឹងថា រយៈ​ការចូលរួមពីសំណាក់បរវកញ្ញាភពផែនដី(Miss Planet Internationnal)ទាំង ២៦ប្រទេស នៅ​ក្នុងកម្មវិធីបុណ្យអង្ករនាពេលនេះ នឹងបានជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាវិស័យស្រូវអង្ករកម្ពុជាឱ្យមានការទទួលស្គាល់និងមានអ្នកប្រើប្រាស់កាន់តែច្រើនឡើង នៅទូទាំងពិភពលោក។ ការលើកឡើងរបស់លោកអភិបាលរងខេត្ដនេះ ក្នុងពិធីបើកកម្មវិធី​បុណ្យអង្ករ ដើម្បីអបអរសាទរអង្ករកម្ពុជា ជាប់ចំណាត់ថ្នាក់ជាអង្ករល្អលេខ១ លើពិភពលោក កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។   លោក ពិន ប្រាកដ បានថ្លែងថា វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប គិតត្រឹមឆ្នាំ​២០១៩ គឺ​មានភាពល្អប្រសើរ ដោយកំណើនភ្ញៀវទេសចរបរទេសមកកាន់ខេត្តសៀមរាប បាន​បន្ត​កើនឡើងជាលំដាប់។ ប៉ុន្តែនៅដើមឆ្នាំ២០២០ វិស័យទេសចរណ៍ខេត្តសៀមរាប ក៏ដូចជា​កម្ពុជា​ទាំងមូល ចាប់ផ្តើមទទួលរងឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។ លោក​អភិ​បាលរងខេត្ដបន្តថា ប៉ុន្តែជាមួយនឹងការគ្រប់គ្រងជំងឺកូវីដ១៩ ប្រកបដោយភាពជោគជ័យ ពិសេសប្រសិទ្ធិភាព នៃគោលនយោបាយចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់​ព្រឹត្តិ​ការណ៍សហគមន៍ ២០កុម្ភៈ និងបានបើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកបានលើកឡើងថា នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ វិស័យ​ទេសចរណ៍ខេត្តមានភាពល្អប្រសើរជាងកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារការ​ចាប់​ផ្តើមកម្រើកឡើងវិញ នៃចរន្តនៃការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេស ដែលក្នុងនោះ​ក្នុង​ឆ្នាំ២០២២ ដោយខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ២៨ម៉ឺននាក់។   លោកអភិបាលរងខេត្ដបានលើកឡើងថា តំបន់សៀមរាប-អង្គរ គឺជាក្បាល​ម៉ាស៊ីន​រុញ​កំណើនទេសចរកម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩។ ទន្ទឹមនេះ ការរៀបចំអភិវឌ្ឍន៍​ទេស​ចរណ៍ខេត្តសៀមរាបជា «គោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងបរិយាប័ន្ន» ស្រប​តាមគន្លងប្រក្រតីភាពថ្មី គឺជាការចាំបាច់ជាយុទ្ធសាស្រ្ត ដែលការណ៍​នេះទាមទារឱ្យមានការ​អនុវត្តប្រកបដោយប្រសិទ្ធភាព តាមការចង្អុលទិស របស់ផែនការមេអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀមរាប ឆ្នាំ២០២១-២០៣៥។   លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាបបានកត់សម្គាល់ឃើញថា ការរៀបចំកម្មវិ​ធីបុណ្យអង្ករ ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់ពិភពលោក នៅក្នុងខេត្ត​សៀមរាប តាមរយៈបរវកញ្ញាចក្រវាលទាំង ២៦ប្រទេសនាពេលនេះ គឺបានបង្ហាញពីការផ្សា​ភ្ជាប់រវាងវិស័យកម្មសិកម្ម និងវិស័យទេសចរណ៍ដែលជួយបំពេញឱ្យគ្នាទៅវិញទៅមក។ «ខ្ញុំជឿជាក់ថាតាមរយៈកម្មវិធីនេះក៏នឹងបានជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាវិស័យស្រូវអង្ករកម្ពុជាយើង ឱ្យមានការទទួលស្គាល់ និងមានអ្នកប្រើប្រាស់កាន់​តែ​ច្រើនឡើងនៅទូទាំងពិភពលោក តាមរយៈបរវកញ្ញាចក្រវាឡទាំង២៦ប្រទេស»។ នេះជាការ​លើក​ឡើងបញ្ជាក់បន្ថែមរបស់លោក ពិន ប្រាកដ។   លោក សែតកៅ ហ្វ៊ីលីព ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា បុណ្យអង្ករ ជាព្រឹត្តិការណ៍ដ៏គួរអោយមានមោទកភាព នៅលើទឹកដីខេត្តខេត្តសៀមរាប ។ លោកបន្ដថា សមិទ្ធផលនេះអាចកើតឡើងបាន គឺជាការសម្រេចចិត្ត ប្រកបដោយ​ចក្ខុវិស័យ​ច្បាស់លាស់ ក្នុងការលើកស្ទួយ និងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោមការដឹកនាំ ដ៏យកចិត្តទុក​ដាក់​បំផុត អំពីអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ។ លោកបន្តទៀតថា ព្រឹត្តិការណ៍ “អបអរ​សាទរ​​អង្ករកម្ពុជា ទទួលបានជ័យលាភីគុណភាពល្អដាច់គេលើពិភពលោកនៃឆ្នាំ២០២២” ដែលពេល​នេះ​ធ្វើឡើងដើម្បីចូលរួមអបអរសាទ និងលើកស្ទួយកិត្យានុភាព វិស័យស្រូវអង្ករ​កម្ពុជាឱ្យកាន់តែល្បីរន្ទឺ ជាមាស”ស”កម្ពុជា និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍​ដែលត្រូវ​បាន​ចាត់ទុកថា “ជាមាសបៃតងរបស់កម្ពុជា” ក្នុងនោះក៏មានការចូលរួមគាំទ្រ ផ្សព្វផ្សាយធំ​ទូលាយ​តាមរយៈកញ្ញាឯក ភពផែនដីអន្តរជាតិ ចំនួន ២៦ប្រទេសផងដែរ។   សូមជម្រាបថា កញ្ញាឯក ភពផែនដីអន្តរជាតិ ចំនួន ២៦ ប្រទេស កាលពីរាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ពួកគេបានលើកឡើងថា មានចិត្តសប្បាយរីករាយ និងមានមោទកភាព​ដែលបានមកប្រទេសកម្ពុជា ជាពិសេសបានមកកាន់ទឹកដីខេត្តសៀមរាប ដើម្បីទស្សនាប្រាង្គ​ប្រាសាទបុរាណ។ ជាមួយនឹងភាពសប្បាយរីករាយនេះ ក្រុមកញ្ញាឯកទាំងនោះក៏ បានអះអាង​ថា នឹងជួយផ្សព្វផ្សាយពីវិស័យទេចរណ៍កម្ពុជា តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនថែមទៀត។   បុណ្យអង្ករ នឹងប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅបរិវេណសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប លើទឹកដីខេត្ត​សៀមរាប។ ពិធីនេះធ្វើឡើងក្នុងគោលបំណងសំខាន់នៃពិធី “បុណ្យអង្ករ” គឺដើម្បីផ្សព្វផ្សាយ​សក្ដានុពលវិស័យស្រូវអង្ករកម្ពុជា ដែលជា មាស “ស” របស់កម្ពុជា ដែលកន្លងទៅថ្មីៗនេះដែរ អង្ករម៉ាក “ម្លិះអង្គរ” ដែលផលិតចេញពីពូជស្រូវឈ្មោះ “ផ្ការំដួល” របស់កម្ពុជា បានឈ្នះ​ពាន​រង្វាន់ “អង្ករល្អដាច់គេ របស់ពិភពលោក” ក្នុងវេទិកាសន្និសីទ “អង្ករពិភពលោក” ដែលរៀបចំ​ឡើងនៅទីក្រុង ភូកេត ប្រទេសថៃ កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង