ប្រធាន ក.អ.ក ​​ប្តេជ្ញា​បន្ត​ភារកិច្ច​ និង​បេសកកម្ម​ ក្នុង​ការ​​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ​​ដល់​អ្នកកាសែត​ និង​អប់រំ​អំពី​​ក្រមសីលធម៌

(ភ្នំពេញ)៖ ក្លិប​​អ្នក​កាសែត​កម្ពុជា កាលពីរសៀលថ្ងៃ​ទី​២៧ ​ខែមករា ​ឆ្នាំ២០២៣ ​បាន​​បោះ​ឆ្នោត​​ជ្រើស​រើស​​សមាជិក​គណៈ​កម្មា​ធិការ​​នាយក​​អាណត្តិ​ទី​៥​និង​ជ្រើស​រើស​ប្រធាន​ថ្មី​ បន្ទាប់​ពី​លោក​ប៉ែន បូណា អតីត​​ប្រធាន​ក្លិប​​អ្នកកាសែត​​កម្ពុជា​ត្រូវ​បានព្រះមហាក្សត្រត្រាស់តែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។គណៈកម្មាធិការនាយកថ្មី របស់ក្លិបអ្នកកាសែតកម្ពុជា សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣-២០២៦ ដែលត្រូវបានបោះ​ឆ្នោត​ជ្រើសតាំង នាល្ងាច​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣​ រួមមាន៖ ១-លោក ខៀវ កូឡា ស្ថាបនិក​ក្លិបអ្នកកាសែតកម្ពុជា ២-លោក ជេត សន ស្ថាបនិក​ក្លិបអ្នកកាសែតកម្ពុជា ៣-លោកស្រី ថុង សុវណ្ណរង្សី អគ្គនាយិកាសារព័ត៌មានកោះសន្តិភាព ៤-លោក ទាវ សារៈមុនី និពន្ធនាយក​សារព័ត៌មាន​រស្មីកម្ពុជា ៥-លោក នៅ សុភ័ស្ស នាយក​សារព័ត៌មាន Click News នៃ CBS ៦-លោក ពុយ គា ប្រធានអ្នកឆ្លើយឆ្លង​ឱ្យ​ទីភ្នាក់ងារ​សារព័ត៌មានជប៉ុន ក្យូដូ​ ៧-កញ្ញា យ៉ាន់ លីណា នាយិកាវិទ្យុវាយោ  ៨-លោក លាង ដឺលុច សហស្ថាប​និក​សារព័ត៌មាន​ថ្មីៗ និង៩-លោក សៅ ភិរុណ អគ្គនាយករង BTV។ ក្រោយ​សមាជិក​ក្លិបអ្នកកាសែតកម្ពុជា បានបោះឆ្នោតជ្រើសតាំង​សមាជិកគណៈកម្មាធិការ​នាយក​ថ្មី ទាំង ៩រូបរួចមក គណៈ​កម្មាធិការ​នាយកទាំង ៩រូប បានជួបប្រជុំ​គ្នា ហើយ​បានសម្រេចជ្រើស តាំង​លោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា ហើយ​លោកស្រី ថុង សុវណ្ណរង្សី ជាអគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា​។ ក្នុងនោះ លោក ខៀវ កូឡា ក៏ត្រូវបាន​ជ្រើស​តាំង​​​​បន្ថែម​ជាទីប្រឹក្សារបស់ប្រធានក្លិបអ្នកកាសែត​កម្ពុជា ផងដែរ។ លោក ពុយ គា ប្រធាន​ក្លិប​អ្នកកាសែត​​កម្ពុជា ដែល​ទើប​​ជ្រើសរើស​ថ្មី​​បាន​​ប្រកាស​ប្តេជ្ញា​បន្ត​ភារកិច្ច​និង​បេសកកម្ម​របស់​ក្លិប​អ្នក​កាសែត​​កម្ពុជា ក្នុង​ការងារ​​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ​​ដល់​អ្នកកាសែត​ និង​អប់រំ​អំពី​​ក្រមសីលធម៌​​របស់​អ្នកកាសែត​និង​ការពារ​​សិទ្ធិ​អ្នក​កាសែត​​ដែល​ត្រូវ​រំលោភ​បំពាន ។ លោកក៏​បាន​ផ្តាំផ្ញើ​ឱ្យ​​អ្នកកាសែត​កម្ពុជា​​ទាំងអស់ ត្រូវ​ត្រៀមខ្លួន ​ដើម្បី​ចូលរួម​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជា ជាម្ចាស់ផ្ទះ និងការបោះឆ្នោត ​ដោយ​ត្រូវពង្រឹងសមត្ថ​ភាព​ ​និង​លទ្ធភាព​​ទៅ​ធ្វើការ និង​ទៅ​យក​​ព័​​ត៌​មាន។ លិប​អ្នកកាសែត​​កម្ពុជា ដែល​មាន​​លោក ប៉ែន សមិទ្ធិ ជា​​ប្រធាន បាន​បង្កើត​ឡើង​​កាលពី​ថ្ងៃ​ទី​២៦ ​សីហា​២០០០។ ចាប់តាំងពី​​ពេល​នោះ​​មក ​រាល់​សកម្មភាព និង​ដំណើរការ​​របស់​ក្លិប​​អ្នកកាសែត​​កម្ពុជា មាន​ម្ចាស់​ជំនួយ​​ដ៏​ធំ ​គឺ​មូលនិធិ​របស់​អា​​ល្លឺ​ម៉​ង់ Konrad-Adenaued-Foundation ជួយ​ក្នុង​​ការ​លើក​ស្ទួយ​សិទ្ធិ​​សេរីភាព​និង​ការ​បណ្តុះបណ្តាល​អ្នក​កាសែត និង​ការពារ​អ្នកកាសែត​​កម្ពុជា​៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង