កម្ពុជា និងជប៉ុន ពិនិត្យ និងពិភាក្សាចំពោះការសិក្សាបុរេសមិទ្ធិលទ្ធភាពសម្រាប់ការសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងខេត្តសៀមរាប និងខេត្តស្វាយរៀង
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាមួយក្រុមការងារក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន អំពីការតាមដាន និងធ្វើបច្ចុប្បន្នភាពការសិក្សាបុរេសមទ្ធិលទ្ធភាពសម្រាប់ការសាងសង់ប្រព័ន្ធទឹកកខ្វក់នៅក្នុងខេត្តសៀមរាប និងខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ បានធ្វើឡើង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់ជួយកម្ពុជាលើគ្រប់វិស័យ ជាពិសេសការកសាងធនធានមនុស្ស តាមរយៈផ្ដល់ការបណ្ដុះបណ្ដាលទាំងនៅកម្ពុជា និងនៅប្រទេសជប៉ុនផ្ទាល់ផងដែរ។ ឯកឧត្ដមបញ្ជាក់ថា ចំពោះវិស័យទឹកកខ្វក់នេះ ក្រុមការងារទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់ (MOU) តាំងពីឆ្នាំ២០១៧ ដើម្បីសហការរួមគ្នាលើវិស័យទឹកកខ្វក់នេះផងដែរ។ ឯកឧត្ដមរដ្ឋលេខាធិការបានលើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលលទ្ធផលនៃការសិក្សាបុរេសមិទ្ធិលទ្ធភាព រួមទាំងការពិនិត្យ និងប្រៀបធៀបចំពោះបច្ចេកទេសប្រព្រឹត្តិកម្មច្រោះសម្អាតទឹកកខ្វក់មួយចំនួន សមត្ថភាពចម្រោះសម្អាតទឹកកខ្វក់ និង ការចំណាយចំពោះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើប្រតិបត្តិការ និងថែទាំប្រព័ន្ធចំពោះបច្ចេកទេសនីមួយៗ។ ឯកឧត្ដមបានបន្ដថា កិច្ចប្រជុំនេះផងដែរ គឺដើម្បីសិក្សាស្វែងរកឱ្យឃើញនូវគុណប្រយោជន៍វិជ្ជមានបច្ចេកទេស ហើយសមស្របទៅតាមស្ថានភាពសេដ្ឋកិច្ចជាតិផងដែរ មុននឹងសម្រេចជ្រើសរើសបច្ចេកទេសណាមួយក្នុងការអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តសៀមរាប និងខេត្តស្វាយរៀង នេះផងដែរ។ ជាមួយគ្នានោះ ក្រុមការងារក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ក៏បានជម្រាបជូនដំណឹងស្ដីពីការរៀបចំសិក្ខាសាលាអំពីកម្មវិធី WOW TO JAPAN ដែលគ្រោងនឹងរៀបចំឡើងក្នុងខែកុម្ភៈខាងមុខនេះ ដើម្បីផ្សព្វផ្យាយអំពីការសាងសង់សាងល្បងនូវអាងប្រព្រឹត្តកម្មសហគមន៍ខ្នាតតូចមួយនៅស្រុកបាទី ខេត្តតាកែវ ដោយប្រើបច្ចេកវិទ្យា POD និង ដើម្បីបញ្ជ្រាបចំណេះដឹងលើបច្ចេកទេសចម្រោះទឹកកខ្វក់សហគមន៍ខ្នាតតូចបែបនេះ។ កិច្ចប្រជុំនេះក៏ដើម្បីពិនិត្យលើលក្ខណៈពិសេស ការប្រើប្រាស់ គុណសម្បត្តិ និងប្រសិទ្ធភាពនៃការចម្រោះទឹកកខ្វក់នៃបច្ចេកទេស POD នេះដែលអាចជាលទ្ធភាពសម្រាប់ការអនុវត្តច្រោះសម្អាតទឹកកខ្វក់ក្នុងសហគមន៍តូចៗ ក្នុងប្រទេសកម្ពុជាផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី