ឯកឧត្តម ហ៊ុន ម៉ានី ៖ ទោះក្នុងតម្លៃណាក៏ដោយសូមបន្តថែរក្សា និងការពារឱ្យបាននូវ សុខសន្តិភាព

កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ : ទោះក្នុងតម្លៃណាក៏ដោយសូមបន្តថែរក្សា និងការពារឱ្យបាននូវសុខសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រទេសជាតិ និង ប្រជាជនយើង។ ​ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ យ៉ាងដូច្នេះ ក្នុងពិធីសម្ភោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តកោះពន្លាជ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ, នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបានផ្ដល់ឱកាសឱ្យយើងបានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ដើម្បីប្រមូលបច្ច័យពីគ្រប់ទិសទីមកកសាងសមិទ្ធផលនានា ឱ្យចេញជារូបរាងនៅថ្ងៃនេះ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅបន្តថែរក្សា និងការពារនូវសមិទ្ធផលធំៗ ចំពោះសង្គមជាតិ ក្នុងនោះការរក្សាបាននូវអធិបតេយ្យ បូរណភាពដែនដី សុខសន្តិភាព ស្ថិរភាព និងសន្តិសុខសង្គម នៅទូទាំងប្រទេស ដើម្បីភាពសម្បូរសប្បាយជូនប្រជាពលរដ្ឋយើង។ អាចបន្តលើកពីភាពជោគជ័យក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ រាជរដ្ឋាភិបាល បានផ្ដល់អាទិភាពខ្ពស់បំផុត លើការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ ព្រមទាំងដាក់ចេញនូវផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងស្ថានភាព នៃជំងឺកូវីដ-១៩ គឺក្នុងគោលដៅតែមួយគត់ ដើម្បីទប់ស្កាត់, គ្រប់គ្រងការឆ្លងបង្កើតភាពស៊ាំក្នុងសហគមន៍ និងឈានដល់ការបើកដំណើរការប្រទេសជាតិ ឡើងជាប្រក្រតីបានខិតខំ​ស្វែង​រកវ៉ាក់សាំង តាមរយៈការបញ្ជាទិញផង និងស្នើសុំជំនួយវ៉ាក់សាំង ពីមិត្តបរទេសផង ដើម្បីបានចាក់ជូន​ប្រជាពលរដ្ឋដោយ​មិនគិត។ ជាមួយនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏សូមអំពាវនាវជាថ្មីសុំឱ្យបងប្អូនប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងបន្តទៀត ដើម្បីឱ្យមានភាពស៊ាំ និងចៀសវាងបាននូវការឆ្លងរហូតដល់មានគ្រោះថ្នាក់ដល់ជីវិត។ ឆ្លៀតឱកាសនេះ សូមចូលរួមរំលែកមរណទុក្ខជា​មួយក្រុមគ្រួសារ​ដែលមានបងប្អូន ឬសាច់ ញាតិទទួលមរណភាពដោយសារជំងឺកូវីដ-១៩។ នៅទូទាំងខេត្តកំពង់ស្ពឺ មាន អ្នកស្លាប់សរុប ១៦២នាក់ ក្នុងនោះស្រុកថ្ពងស្លាប់ ២នាក់ (ឃុំអមលាំង គ្មាន អ្នកស្លាប់)។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា តាមរយៈការខិតខំគ្រប់គ្រង និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបានល្អប្រសើរ នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់បៀវត្សជូនដល់មន្ត្រី រាជការ (ទាំងមានក្របខណ្ឌ និងជាប់កិច្ចសន្យា) ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលត្រូវចាប់ផ្តើម​អនុវត្តចាប់ពី​ខែមករានេះតទៅ។ នៅក្នុងឆ្នាំ២០២៣នេះ បងប្អូនបម្រើការងារនៅតាមរោងចក្រ ដែលជាកូនចៅរបស់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ចាប់ផ្តើមទទួលបាននូវប្រាក់ ខែគោលអប្បបរមា ២០០ដុល្លារ/១ខែ ផងដែរ (នេះមិនទាន់គិតដល់សោហ៊ុយធ្វើដំណើរ, ហូបចុក និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតនៅឡើយ)។ (ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ទោះក្នុងដំណាក់កាលកូវីដ-១៩ ក៏ប្រាក់ខែបងប្អូនបម្រើការងារ នៅតាមរោងចក្រ នៅតែបន្តកើនឡើងដែរ នៅឆ្នាំ២០២០ ប្រាក់ខែគោលអប្បបរមា ចំនួន១៩០$, ឆ្នាំ២០២១ កើនចំនួន ១៩២$, ឆ្នាំ២០២២ កើនចំនួន១៩៤$ និងនៅឆ្នាំ២០២៣នេះ កើនដល់ចំនួន២០០$) ជាពិសេសគិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានអនុវត្តកម្មវិធីបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងកូវីដ-១៩ បាន១១ជុំហើយ ដោយបានចំណាយទឹកប្រាក់សរុបចំនួន ៣,៥៩៩,៦០៦,២១១,០០០ (បីពាន់ប្រាំរយកៅសិបប្រាំបួនប៊ីលាន ប្រាំមួយរយ ប្រាំមួយលាន ពីរយដប់មួយពាន់រៀល) ស្មើនឹង ៨៩៩.៩០ លានដុល្លារអាមេរិក ក្នុងនោះមានប្រជាពលរដ្ឋទទួលប្រាក់ឧបត្ថម្ភនេះ ៧០២,៩០៧គ្រួសារ ត្រូវជា ២,៧៨៣,៨០៣ នាក់។ ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តលើកមុខមាត់ប្រទេស ជាតិលើឆាកអន្តរជាតិ តាមរយៈការរៀបចំព្រឹត្តិការណ៍ជាតិ អន្តរជាតិនានា ក្នុងឆ្នាំ២០២២ នេះ ក្នុងនោះមានការប្រារព្ធកីឡាជាតិលើកទី៣, ការប្រារព្ធបុណ្យឯករាជ្យជាតិលើកទី៦៩, ការប្រារព្ធខួប ១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ, ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១, កិច្ចប្រជុំ AIPA លើកទី៤៣ ដែលទាំងនេះក៏បង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការទទួលស្វាគមន៍ ការការពារសុខ សុវត្ថិភាពដល់ថ្នាក់ដឹកនាំពិភពលោក និងជាពិសេសការដឹកនាំពិភាក្សាបញ្ហាធំៗលើឆាកអន្តរជាតិផងដែរ។ ជាចុងក្រោយក្នុងនាមតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាពុទ្ធសាសនិកមួយរូប ឯកឧត្តម ហ៊ុន ម៉ានី សូមចូលរួម ត្រេកអរជាមួយ​ព្រះតេជគុណគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ជាពិសេសលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋអ្នកឃុំអមលាំង ដែលបានទទួលនូវសមិទ្ធផលថ្មីៗជា ច្រើនបន្ថែមទៀតសម្រាប់បម្រើឱ្យសេចក្តីត្រូវការនៅក្នុងទីវត្តអារាមនេះ៕   សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង