នាយពាក់មីសំណូមពរមហាជន កុំយកវីដេអូទាក់ទងនឹងរឿងព្រៃឈើ ទៅកាត់បញ្ចូលជាមួយរឿងនយោបាយ

សិល្បៈ៖ តារាកំប្លែងនាយ ពាក់មី ដែលមានឈ្មោះដើមថា ចែម ចាន់រ៉ា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានចេញវីដេអូដើរកម្សាន្តព្រៃជាមួយក្រុមគ្រួសារ។ ក្នុងវីដេអូនោះ នាយបានសំណូមពរដល់បងប្អូនទាំងអស់ កុំយកវីដេរអូរបស់គាត់ទៅកាត់បញ្ចូលពាក់ព័ន្ធនឹងរឿងនយោយបាយអី ព្រោះលោកធ្វើវីដេអូនេះឡើង ដើម្បី បំផុសស្មារតី ក៏ដូចជាក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ព្រៃ ឱ្យចេះស្រឡាញ់ធម្មជាតិ នឹងជួយគ្នាថែរក្សាព្រៃឈើតែប៉ុណ្ណោះ…។   នាយពាក់មី បញ្ជាក់យ៉ាងដូច្នេះថា៖ «សូមសំណូមពរបងប្អូនទាំងអស់គ្នា វីដេអូខ្ញុំនេះ សូមមេត្តាកុំយកទៅកាត់បញ្ចូលបន្ថែមទាក់ទងនឹងនយោបាយ។ សរសេរខេបសិន(Captions)លក្ខណៈញុះញង់ ពាក់ព័ន្ធនយោបាយ ប៉ះពាល់ខ្ញុំអី បងប្អូនទាំងអស់គ្នា ខ្ញុំខំធ្វើវីដេអូ ខំចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ធ្វើវីដេអូបំផុសឱ្យបងប្អូនស្រឡាញ់ធម្មជាតិ ថែរក្សាព្រៃឈើ បែរជាបងប្អូនយកវីដេអូទៅកាត់លាយឡំជាមួយនយោបាយ ប៉ះពាល់ដល់ខ្ញុំ។ តើខ្ញុំមានកម្លាំងអីនឹងធ្វើទៀត? ហើយតើបងប្អូនណានឹងហានធ្វើបន្តទៀត? សុំអង្វ កុំៗ»។  គួរបញ្ជាក់ដែរថា ការដែលនាយចេញមកបញ្ជាក់បែបនេះ បន្ទាប់ពីលោកបានផុសរូបភាពដើរព្រៃអមជាមួយ ដើមឈើធំៗ ដែលត្រូវបានគេអារផ្តួលរំលំជាច្រើនដើម។ លោកក៏ត្រូវបានគេផ្ញើសារសំឡេងមកគំរាមថា «ខំនិយាយទៅ ប្រយ័ត្នប៉ះដុំថ្មខាននៅកន្លែងហ្នឹងឡូវហើយ»។ ទន្ទឹមនឹងនោះ ក៏មានអ្នកខ្លះបានចូលទៅបញ្ចេញមតិនៅខាងក្នុងវីដេអូរបស់នាយថា «បងជាតារា កុំនិយាយរឿងនយោបាយ ប៉ះពាល់ដល់អាជីព»។ ប៉ុន្តែទោះយ៉ាងណា នាយក៏នៅតែអះអាងថា ការផុសរបស់នាយមិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ដោយគ្រាន់តែចង់ជួយគ្នា បំផុសស្មារតីស្រឡាញ់ធម្មជាតិ និងការថែរក្សារព្រៃឈើប៉ុណ្ណោះ…៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង