អ្នកកជំនាញអាជ្ញាធរជាតិអប្សរា និងឥណ្ឌាសហការជួសជុល កំពូលកណ្ដាលប្រាសាទតាព្រហ្ម ឱ្យមានសុវត្ថិភាពឡើងវិញ

សៀមរាប៖ ក្រុមអ្នកជំនាញឥណ្ឌា បានសហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងរៀបចំសម្រួល​កំពូល​កណ្ដាលរបស់ប្រាសាទតាព្រហ្ម ដែលគេជឿងថា ជាកន្លែង(ប្រាជ្ញាបារមី)​ជាកំពូលពិសេសបំផុត​ដែលនៅចំ ចំណុចកណ្ដាល នៃប្រាសាទតាព្រហ្ម ​ដើម្បីឱ្យកំពូលនេះ បានវិលទៅរកសភាពល្អប្រសើរឡើងវិញ។ លោកបណ្ឌិត Sing Sood អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស​ និង​ជួសជុល​ប្រាសាទតាព្រហ្ម ​មានប្រសាសន៍ថា ​បច្ចុប្បន្នកំពូលកណ្ដាលនៃប្រាសាទតាព្រហ្ម ដែលគេស្គាល់ថា ជាកន្លែងប្រាជ្ញាបារមីនោះ​ បានរលុះថ្មពីលើធ្លាក់មកក្រោម មិនអាច​ឱ្យភ្ញៀវទេសចរចេញចូលបានទេ​ ដែលត្រូវតែធ្វើការរៀបចំឡើងវិញជាចាំបាច់។  លោកមានប្រសាសន៍ទៀតថា ដំណើរការរៀបចំកំពូលកណ្ដាលនៃប្រាសាទតាព្រហ្មឡើងវិញនេះ គឺធ្វើការសំអាត ​ហើយត្រូវស្វែងរកថ្ម ប្រសិនបើថ្មរលុះធ្លាក់ពីលើ គឺត្រូវយកទៅដាក់នៅកន្លែង​ដើមវិញ ។ក្នុងការស្វែងរកថ្មនេះដែរ​បើសិន​ជាឃើញថាថ្មណា បាក់បែកក៏ត្រូវជួសជុល​ហើយ​ត្រូវរកទីតាំងដើមរបស់វា ​ព្រមទាំងយកបល្ល័ង្គធ្វើពីថ្មភក់ដ៏ធំមួយ ដែលគេគិតថាធ្លាប់​ដាក់នៅ​ចំកណ្ដាលនៃកំពូលនោះ ​ទៅដាក់នៅកន្លែងដើមវិញផង។  អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា បានឱ្យដឹងទៀតថាការរៀបចំកំពូលកណ្ដាល​របស់​ប្រាសាទតាព្រហ្ម ឱ្យប្រសើរឡើងវិញនេះ ​គឺដើម្បីសុវត្ថិភាពភ្ញៀវទេសចរ ​ពីព្រោះថាជារៀងរាល់ថ្ងៃ គឺមានភ្ញៀវទេសចរណ៍បរទេសនិងខ្មែរជាច្រើន​ ចូលចិត្តទៅទស្សនាទីនោះ ។  ប្រាសាទតាព្រហ្ម ​បានកសាងឡើងនៅអំឡុងឆ្នាំ១១៨៦នៃគ្រីស្តរាជ ​ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គព្រះនាមចុឌាមុនីក្រោមរូបភាពប្រាជ្ញាបារមី។ប្រាសាទនេះ មានកំពូលជាច្រើន​ ប៉ុន្តែកំពូលនៅចំណុចកណ្ដាលរបស់ប្រាសាទនេះ ដែលគេហៅថា​ជា​ប្រាជ្ញាបារមី ត្រូវបានគេចាត់ទុកថាជាបេះដូង របស់ប្រាសាទទាំងមូល ហើយក៏ជាកំពូល​ពិសេសបំផុត​ ដែលគេជឿថាកាលពីសម័យបុរាណទីនោះ ក៏មានការដាក់តម្កល់ទេវរូប​ឬក៏អទិទេពអ្វីមួយសម្រាប់សក្ការៈបូជាផង។ជារៀងរាល់ថ្ងៃនៅកំពូលកណ្ដាលរបស់ប្រាសាទនេះ គឺមានភ្ញៀវទេសចរណ៍បរទេសនិងខ្មែរជាច្រើនរយនាក់ តែងចេញចូលទៅទស្សនាឥតដាច់ ។ភ្ញៀវទេសចរណ៍​ ដែលចូលចិត្តទៅទស្សនាទីនោះ ​ដោយសារតែមានដើមឈើធំៗដុះគ្របលើរបង​ប្រាសាទ​ ធ្វើឱ្យមានសម្រស់ទាក់ទាញម្យ៉ាង ព្រមទាំងធ្វើឱ្យពួកគេចូលចិត្តថតយករូប​អនុស្សាវរីយ៍ផង៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង