ត្រឹមខែមករានេះ អាមេរិក ផ្ទុះការបាញ់ប្រហារខ្នាតធំប៉ុន្មានដងហើយ?
គិតត្រឹមពាក់កណ្ដាលខែមករា ឆ្នាំ២០២៣ នេះ សហរដ្ឋអាមេរិកបានកត់ត្រាការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ៣៣ លើកហើយ ខណៈកាលពីឆ្នាំ ២០២២ ចំនួននៃការបាញ់ប្រហារបែបនេះមានដល់ ៦៤៨ លើកឯណោះ ដែលក្នុងនោះ ២១ លើក បង្កឲ្យមានអ្នកស្លាប់ ៥ នាក់ ឬច្រើនជាងនេះ ។ ចំនួនសោកនាដកម្មដ៏ច្រើនេះបានកើតឡើង បន្ទាប់ពីមានការបាញ់ប្រហារខ្នាតធំ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់នៅក្នុងទីក្រុង Monterey Park រដ្ឋកាលីហ្វ័រញ៉ាកាលពីយប់ថ្ងៃសៅរ៍ ទី២១ ខែមករា អំឡុងពេលអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅអាមេរិក ។ ទន្ទឹមនោះ វាក៏ជាការសម្លាប់មនុស្សច្រើនបំផុតផងដែរ នៅក្នុងសហរដ្ឋអាមេរិកត្រឹមតែក្នុងមួយខែមករា ឆ្នាំ២០២៣ នេះ ចាប់តាំងពីការសម្លាប់រង្គាលនៅទីក្រុង Uvalde រដ្ឋតិចសាស់កាលពីខែឧសភា ឆ្នាំមុន នៅពេលដែលកុមារ ១៩ នាក់ និងគ្រូបង្រៀន ២ នាក់ត្រូវបានសម្លាប់ ។ ស្របពេលជាមួយគ្នានេះ ការបាញ់ប្រហារកាលពីថ្ងៃសៅរ៍ ក៏ជាការវាយប្រហារធំទី ២ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈកាលពីថ្ងៃចន្ទសប្ដាហ៍មុន ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សចំនួន ៦ នាក់នៅក្នុងទីក្រុង Tulare រដ្ឋកាលីហ្វ័រញ៉ា រួមទាំងកុមារអាយុ ១៦ ឆ្នាំ និងកូនអាយុ ១០ ខែរបស់ខ្មាន់កាំភ្លើងផងដែរ នៅក្នុងការបាញ់ប្រហារមួយ ដែលប៉ូលិសសន្មត់ថា ប្រហែលជាពាក់ព័ន្ធនឹងក្រុមក្មេងទំនើង ៕ សម្រួលដោយ ទៀង បុណ្ណរី