អ៊ុយក្រែន ថាឲ្យលោកខាងលិច កំពុងសម្លាប់ប្រជាជនរបស់ខ្លួន
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បានសរសេរនៅលើបណ្ដាញ Twitter កាលពីថ្ងៃសៅរ៍ថា “ការសម្រេចចិត្តរបស់លោកខាងលិច ដែលមិនផ្ដល់អាវុធទំនើបៗឲ្យអ៊ុយក្រែន គឺប្រៀបដូចជាកំពុងសម្លាប់ប្រជាជនរបស់យើងកាន់តែច្រើនឡើងៗ” ។ ការអះអាងរបស់លោក Podolyak បានកើតឡើង បន្ទាប់ពីអាល្លឺម៉ង់បានជាប់គាំងលើការសម្រេចចិត្តថាតើត្រូវផ្គត់ផ្គង់រថក្រោះ Leopard ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់រដ្ឋាភិបាលទីក្រុងកកៀវប្រឆាំងនឹងរុស្ស៊ីដែរឬយ៉ាងណា ។ ទីប្រឹក្សារបស់លោក Volodymyr Zelensky រូបនេះបានបញ្ជាក់ទៀតថា “ការមិនសម្រេចចិត្តឲ្យហើយនៅពេលនេះ ក៏ដូចជាការពន្យារពេលពីមួយថ្ងៃទៅមួយថ្ងៃក្នុងការមិនបញ្ជូនអាវុធឲ្យអ៊ុយក្រែន គឺកំពុងសម្លាប់ប្រជាជនរបស់យើងកាន់តែច្រើន ដូច្នេះសូមមេត្តាគិតឲ្យបានលឿន” ។ ប្រទេសចំនួន ៥០ បានយល់ព្រមកាលពីថ្ងៃសុក្រក្នុងការផ្គត់ផ្គង់សម្ភារយោធាដល់អ៊ុយក្រែនក្នុងតម្លៃរាប់ពាន់លានដុល្លារ ដែលរួមទាំងរថពាសដែក និងគ្រាប់បែកដើម្បីជួយដល់ទីក្រុងកៀវក្នុងការប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការសឹករបស់កងកម្លាំងរុស្ស៊ីដែលអូសបន្លាយពេលជិត ១ ឆ្នាំមកនេះ ។ គួរបញ្ជាក់ថា អ៊ុយក្រែនកំពុងអង្វរសុំរថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ ខណៈសម្ព័ន្ធមិត្តជាច្រើនក៏បានគាំទ្រសំណើររបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ផងដែរ ដោយនិយាយថា រថក្រោះធុននេះមានសារៈសំខាន់សម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែនជាមួយប្រទេសជិតខាងដែលមានសមត្ថភាពធំជាងខ្លួន ៕ សម្រួលដោយ ទៀង បុណ្ណរី