ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ៖ សូមក្រុមមេធាវីរដ្ឋាភិបាល បន្តចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិប្រជាពលរដ្ឋ
ភ្នំពេញ : ក្នុងជំនួបជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ហ៊ុន ម៉ាណែត បានស្នើឱ្យក្រុមមេធាវី បន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំនីតិរដ្ឋ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងនិរន្តរភាពនៃការកសាងអភិវឌ្ឍជាតិឱ្យមានមូលដ្ឋានរឹងមាំ ស្របតាមគោលនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ។ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ស្នើក្រុមមេធាវី សូមបន្តចូលរួមចំណែកកសាងសង្គមមួយប្រកបដោយយុត្តិធម៌ សមធម៌ និងសុខដុមរមនា សម្រាប់ទាំងអស់គ្នា ជាពិសេសការបន្តផ្តល់សេវាជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រខ្វះលទ្ធភាពទទួលបានសេវាផ្លូវច្បាប់ ស្របតាមគោលការណ៍សតិសម្បជញ្ញៈ សីលធម៌វិជ្ជាជីវៈ និងកាតព្វកិច្ចផ្លូវច្បាប់ក្នុងនាមជាមេធាវី និងក្នុងតួនាទីជាមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន។ លើសពីនេះ សូមបន្តប្រតិបត្តិ និងប្រកាន់ខ្ជាប់នូវវិធានវិជ្ជាជីវៈមេធាវី ដែលមានចែងនៅក្នុងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី, ក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី ក៏ដូចជាសេចក្តីសម្រេចផ្សេងៗរបស់គណៈមេធាវី និងរក្សាឱ្យបាននូវសុចរិតភាព និងភាពស្មោះត្រង់ ដើម្បីលើកតម្កើងឧត្តមប្រយោជន៍នៃយុត្តិធម៌ ព្រមទាំងកិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃនៃវិជ្ជាជីវៈមេធាវី ហើយក៏សូមបន្តពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យស្របទៅនឹងការវិវឌ្ឍជឿនលឿននៃសង្គម ក៏ដូចជាការសម្របខ្លួននៅនឹងដំណើរសមាហរណកម្ម និងការប្រកួតប្រជែងនៅក្នុងតំបន់ និងសកលលោក។ បន្ថែមពីនោះ លោក ហ៊ុន ម៉ាណែត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលការងារជាច្រើន ដែលថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃក្រុមមេធាវីទាំងពីរយន្តការ ខិតខំសម្រេចបានក្នុងឆ្នាំ២០២២ កន្លងទៅនេះ ដែលសម្រាប់ក្រុមមេធាវីរាជរដ្ឋាភិបាល រួមមានជាអាទិ៍៖ ការពិគ្រោះយោបល់ផ្នែកច្បាប់ជូនរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នរដ្ឋ ព្រមទាំងការតំណាង និងការជួយការពារក្តីជូនរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិនៅចំពោះមុខគ្រប់ស្ថាប័នមានសមត្ថកិច្ច និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងសម្រាប់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គឺមានដូចជា៖ ការទទួលពិគ្រោះយោបល់, ការតំណាង និងការជួយការពារក្តីដោយឥតយកកម្រៃជូនស្ត្រី-កុមារីងាយរងគ្រោះ ដែលមានជីវភាពក្រីក្រខ្សត់ខ្សោយ និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់។ ទាំងអស់នេះ ពិតជាបានបង្ហាញអំពីតួនាទីដ៏មានសារៈសំខាន់របស់មេធាវីដែលជាអ្នកវិជ្ជាជីវៈច្បាប់ឯករាជ្យ និងសេរី ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងបរិបទនៃសង្គមប្រជាធិបតេយ្យផ្អែកលើនីតិរដ្ឋ ក៏ដូចជាការពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើយុត្តិធម៌សង្គម និងការធានាបាននូវភាពសុខដុមរមនាតាមរយៈការសម្របសម្រួលដោះស្រាយទំនាស់ផ្សេងៗ ៕ សម្រួលដោយ ទៀង បុណ្ណរី