កម្លាំងចម្រុះ៣ខេត្តចុះបង្រ្កាបបទល្មើសនេសាទនៅចំណុចកន្លុកយាយហុីង និងកោះពីរ

លោក ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក អេង ជាសាន អនុរដ្ឋលេខាធិការ ដឹកនាំកម្លាំងជំនាញជលផលបីខេត្ត កម្លាំងតំណាងអគ្គស្នងការនគរបាលជាតិកម្លាំងតំណាងអាវុធហត្ថលើផ្ទៃប្រទេសបង្រ្កាបបទល្មើសនេសាទលើសប្រវែងកំណត់ត្រង់ព្រំប្រទល់ពោធិ៍សាត់-កំពង់ឆ្នាំងចំណុច (កន្លុកយាយហុីងនិងចំណុចកោះពីរ) នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិកំពង់ថ្មគោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។  លោក ភុំ និមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បានឲ្យដឹងថា កម្លាំងជំនាញបន្ថែមមកពីបីខេត្ត រួមមាននាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប នាយ-នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ថ្នាក់ដឹកនាំនៃមន្ទីកសិកម្មខេត្ដកំពង់ឆ្នាំង -កំពង់ធំ ប៉ូលីសសេដ្ឋកិច្ចខេត្ដពោធិ៍សាត់ យោធាខេត្ដ កងរាជអាវុធហត្ថ ស្រុកក្រគរ និងមន្រ្ដីពាក់ព័ន្ធជាច្រើនទៀត បានរុះរើ និងបំផ្លាញចោលរបាំងសាច់អួនខុសក្រឡា និងលើសប្រវែងកំណត់ នៅចំនុចព្រំប្រទល់ពោធិ៍សាត់- កំពង់ឆ្នាំង ចំនុច (កន្លុកយាយហ៊ីង និងចំនុចកោះពីរ) ស្ថិតក្នុងភូមិសាស្រ្តខាងលើ។  លោកបានបន្តថា វត្ថុតាងរុះរើបំផ្លាញ់ចោលជាលទ្ធផលបាន០១ ករណី របាំងសាច់អួន០៨ខ្សែ ប្រវែង១៩៥០ម៉ែត្រ លូកង ចំនួន០៥មាត់ ក្បាលបរចំនួន៣គ្រឿង បង្គោលចំនួន១៥០ដើម ចាក់លែងត្រី១៥០គីឡូក្រាមចូលទៅក្នុងទន្លេរវិញ៕  សម្រួលដោយ  ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង