រកឃើញបង្គាស្រស់ចាក់ចាហួយ ជិត ២០០គីឡូក្រាម នៅស្តង់គ្រឿងសមុទ្រម្តុំត្រឡោកបែក
មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រចាំរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលគ្រឿងសមុទ្រស្រស់ ដែលកំពុងដាក់លក់តាមបណ្តាស្តង់ និងបានរកឃើញបង្គាចំនួនប្រមាណ ១៨០គីឡូក្រាម មានចាក់បញ្ចូលសារធាតុ CMC (ចាហួយ) កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ។ ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមមន្រ្តីជំនាញ បានចុះត្រួតពិនិត្យនៅតាមស្តង់លក់ផលិតផលសមុទ្រស្រស់ ម្តុំត្រឡោកបែក ដើម្បីទប់ស្កាត់ការចរាចរទំនិញ មិនមានអនុលោមភាព ពិសេសម្ហូបអាហារនៅទូទាំងប្រទេស នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងឈានចូលមកដល់នៅថ្ងៃខាងមុខ។ ក្រោយលទ្ធផលវិភាគបង្ហាញថា មានបង្គាស្រស់ ចំនួន ១៨០គីឡូក្រាម មានចាក់បញ្ចូលសារធាតុ CMC (ចាហួយ) ជាសារធាតុម៉្យាង ដែលឈ្មួញខិលខូច ប្រើដើម្បីបង្កើនទម្ងន់ កឹបកេងផលប្រយោជន៍ របស់អតិថិជន មន្រ្តីជំនាញ បានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ រឹបអូសទំនិញទាំងនោះមកកម្ទេចចោលតែម្តង៕ សម្រួលដោយ ទៀង បុណ្ណរី