មហាជនហួសចិត្ត សមត្ថកិច្ចដេញចាប់ផាកពិន័យនៅម៉ោងជិត៣ទៀបភ្លឺ
រាជធានីភ្នំពេញ៖ នារីម្នាក់បានបង្ហោះវីដេអូអមដោយការរៀបរាប់ជុំវិញរឿងរ៉ាវ ដែលនៅម៉ោង៣ទៀបភ្លឺ នាងត្រូវបុរសក្នុងឯកសណ្ឋាននគរបាលចរាចរណ៍ដេញចាប់ផាកពិន័យ ពាក់ព័ន្ធករណីបើកបររថយន្តមិនពាក់ខ្សែក្រវាត់…។ បងប្អូនសូមប្រយ័ត្ន ម៉ោងជិត៣ភ្លឺ ចាប់ខ្សែក្រវ៉ាត ជិះដេញតាម ហើយខ្ញុំដាក់ខ្សែក្រវាត់ហើយនឹងហេតុអ្វីដេញតាំងពីស្តុបចំកាមន មកដល់ច្បារអំពៅ ដល់ខ្ញុំទាញទូរសព្ទ វាជិះរត់ ខ្ញុំក៏បើកញ្ចក់បន្តិចសួរ តែខ្ញុំអត់បានឈប់ទេ ហើយខ្ញុំមានរឿងអី វាថាអត់ដាក់ខ្សែក្រវ៉ាត ហើយម៉ោង៣ព្រឹកហើយ វាថាខ្ញុំអត់ដាក់ខ្សែក្រវាត់ វាភ័យក៏សម្រួល តែសម្រួលម៉េច ដេញតាមខ្ញុំដូចខ្ញុំនឹងធ្វើរឿងខុសច្បាប់។ បងប្អូនសូមប្រុងប្រយ័ត្នទាំងអស់គ្នា។ ស្អែកខ្ញុំនឹងបង្ហាញស្លាកលេខម៉ូតូ និងតាមកាមេរ៉ាក្នុងឡានខ្ញុំ សាហាវណាស់ ជិះដល់ឡានទំនើបហើយ ចង់ធ្វើស៊ីទៀត ស្រុកខ្មែរ»។ នេះជាការរៀបរាប់របស់នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Yubee Ly។ ក្នុងការបង្ហោះរបស់នារីខាងលើនេះ ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន។ អ្នកខ្លះខមមិនហាក់ក្នុងន័យឌឺដងឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ ដូចជាថា៖ «សរសើរណាស់បងប៉ូលីស ធ្វើការដល់ម៉ោង៣ភ្លឺ, ញ៉ាំថ្ងៃមិនគ្រប់ ញ៉ាំយប់បន្ថែម»។ ចំណែកអ្នកខ្លះពោលថា៖ «សង្ស័យតែជនស៊ីវិលបន្លំខ្លួនទេអូន ប្រយ័ត្នប្រយែងផង ពេលយប់ម៉ោង៣ទៀបភ្លឺ ធ្វើស៊ីសាហាវ។ បើប៉ូលីសគេត្រឹមត្រូវ គេមិនធ្វើដល់ថ្នាក់ហ្នឹងទេ។ ខ្ញុំជាប្រជាពលរដ្ឋខ្ញុំសូមសំណូមពរដល់ថ្នាក់លើ ជាពិសេស ឯកឧត្តម ស ថេត ជួយពិនិត្យមើលក្រុមការងារថ្នាក់ក្រោមផង។ ពេលខ្លះកុំអាងអីសុំទោស និងបញ្ឈរជើង។ គួរតែវះកាត់សាច់ស្អុយចេញខ្លះទើបប្រសើរ»។ អ្នកខ្លះទៀតយល់ថា វាជាការពិបាកបែងចែកថា បុរសក្នុងឯកសណ្ឋាននគរបាលចរាចរណ៍ខាងលើ ជាមន្ត្រីនគរបាលពិតប្រាកដ ឬក្លែងក្លាយ ព្រោះឯកសណ្ផានប៉ូលិសមានលក់គ្រប់កន្លែង អាចថា ជាជនសុីវិលបន្លំខ្លួនជាមន្ត្រីនគរបាលចរាចរណ៍ក៏ថាបាន។ សូមបញ្ជាក់ថា ករណីជនសុីវិលបន្លំខ្លួនជាមន្ត្រីនគរបាលចរាចរណ៍ ធ្លាប់កើតឡើងម្ដងរួចមកហើយ នៅគោលដៅកួចកាណុង កាលពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។ នាពេលនោះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចេញបំភ្លឺបែបនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មិនទាន់វែកមុខជនសុីវិលខិលខូចខាងលើ ដើម្បីយកមកសួរនាំបញ្ជាក់ឱ្យបានច្បាស់លាស់ថា តើមានជាប់ពាក់ព័ន្ធជាមួយនឹងមន្រ្តីនគរបាលចរាចរណ៍ណាម្នាក់ នៅគោលដៅខាងលើដែរ ឬក៏អត់? ដើម្បីរកការពិត និងផ្តន្ទាទោសតាមច្បាប់…។ ការវែកមុខជនសុីវិលមិនទាន់ឃើញនេះ ជាហេតុនាំឱ្យពលរដ្ឋនៅតែមិនអស់ចិត្ត និងមិនមានជំនឿចំពោះការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍៕ សម្រួលដោយ ទៀង បុណ្ណរី