កម្ពុជា ដាក់ចេញច្បាប់វិនិយោគថ្មី ជំរុញវិស័យឯកជនឱ្យវិនិយោគបន្ថែម
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានអនុម័តច្បាប់វិនិយោគថ្មី ដែលគាំទ្រដល់បរិស្ថាន និងបានលើកទឹកចិត្តវិស័យហិរញ្ញវត្តុ ដើម្បីជំរុញវិស័យឯកជនឱ្យវិនិយោគបន្ថែម សំដៅឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើងបែបនេះ នៅក្នុងអង្គវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ ស្តីពីការសន្យាបៃតងរបស់អាស៊ាន “ASEAN’s Green Promise” ប្រទេសស្វីស ដោយបានបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់ជាអវិជ្ជមាន ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងកាតព្វកិច្ចចម្បងក្នុងការចូលរួមការពារជនងាយរងគ្រោះនៅក្នុងសង្គម។ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចពីការផ្តួចផ្តើមរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២កន្លង ដែលកម្ពុជាបានផ្តួចផ្តើមគំនិតបង្កើតកិច្ចព្រមព្រៀងបៃតងអាស៊ាន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ក្នុងគោលបំណងដឹកនាំអាស៊ានឆ្ពោះទៅរកអនាគតបៃតង មានកម្រិតឧស្ម័នកាបូនិកទាប និងប្រកបដោយចីរភាព។ ការផ្តួចផ្តើមគំនិតនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ ជាពិសេស ដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹត្យភាពកាបូន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា គ្រប់វិស័យទាំងអស់គួរតែដើរទន្ទឹមគ្នាទាំងកម្មវិធី និងគម្រោងផ្សេងៗ សំដៅកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ដើម្បីឆ្លើយបទទៅនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាដែលបានសន្យានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបរិស្ថាន និងនៅក្នុងកិច្ចប្រជុំ COP26 កន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមទៀតថា កម្ពុជាជាផ្នែកមួយនៃអាស៊ាន និងកំពុងធ្វើការសហការគ្នាសំដៅរៀបចំយុទ្ធសាស្ត្រអាស៊ាន ស្តីពីអព្យាក្រឹត្យភាពកាបូន។ ជាក់ស្តែង នៅខែធ្នូឆ្នាំ២០២២ ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានទើបតែបានអនុម័តនូវឯកសារទស្សនៈទាន សម្រាប់រៀបចំយុទ្ធសាស្ត្រខាងលើនេះរួចទៅហើយ នៅក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន ថាមពល និងកសិកម្ម ដែលជាកិច្ចប្រជុំអមនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ នាពេលបច្ចុប្បន្ននេះ កម្ពុជាស្ថិតលើមាគ៌ាឆ្ពោះទៅរកប្រទេសដែលមានអព្យាក្រឹត្យភាពកាបូន៕ សម្រួលដោយ ទៀង បុណ្ណរី