សម្តេចតេជោ ហ៊ុន សែន ប្រកាសផែនការចាក់វ៉ាក់សាំងឱ្យបាន១លានដូស ក្នុង១ខែ

TNM(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន តាមសារជាសំឡេងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះថា បានប្រកាសពីផែនការរបស់រាជរដ្ឋាភិបាល គឺមានបំណងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបាន១លានដូស ក្នុង១ខែ។ សម្តេចតេជោបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយ និងជាការទិញរបស់កម្ពុជានឹងមកជាបន្តបន្ទាប់នាពេលខាងមុខនេះ។

ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបញ្ជាឱ្យបណ្តាអភិបាលខេត្តត្រៀមរៀបចំការចាក់វ៉ាក់សាំងជាទ្រង់ទ្រាយធំនេះ ពោលគឺត្រូវទទួលខុសត្រូវលើការស្នាក់នៅសម្រាប់ក្រុមគ្រូពេទ្យនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ។

សូមជម្រាបថា កម្ពុជាទើបតែទទួលបានវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinovac ចំនួន១,៥លានដូសកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដែលកម្ពុជាបានបញ្ជាទិញក្នុងតម្លៃ១៥លានដុល្លារ ហើយតាមគម្រោងនៅថ្ងៃទី៣១មីនា វ៉ាក់សាំង Sinopharm ចំនួន៧០ម៉ឺនដូសទៀត ដែលជាជំនួយរបស់ចិននឹងមកដល់កម្ពុជាផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង