ពលរដ្ឋចំនួន ២ ២២៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ទឹងព្រែកត្នោត ទទួលអំណោយសម្ដេចទាំងទ្វេ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋចំនួន ២ ២២៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត។ ការនាំយកអំណោយនេះ បានធ្វើឡើងឡើងនៅបរិវេនវត្តកំពង់ក្ដុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៣។ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោបានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមករា ទឹកស្ទឹងព្រែកត្នោតបានចាប់ផ្តើមហូរចូល និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ទឹកស្ទឹងបានបន្តហូរមកពីខេត្តកំពង់ស្ពឺធ្លាក់មកស្ទឹងព្រែកត្នោត បង្កឱ្យមានការជន់លិចសាលាសង្កាត់ចំនួន២ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ សាលារៀនចំនួន៣ វត្តអារាមចំនួន២ និងមណ្ឌលសុខភាពចំនួន១ ព្រមទាំងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២ ០៩០ ខ្នងផ្ទះ ស្មើនឹង ២ ២២៥ គ្រួសារ មានប្រជាពលរដ្ឋ ៩ ៥៤៥ នាក់ ក្នុងសង្កាត់ចំនួន ១០ ស្មើនឹង ៣១ភូមិ។  ឯកឧត្តម ឃួង ស្រេង បានថ្លែងថា មកដល់ពេលនេះកម្រិតទឹកដែលជន់លិចដោយជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោត បានស្រកចុះហើយ ដែលនឹងបន្តស្រកចុះបន្ថែមទៀត ។ ឯកឧត្ដមបន្ដថា អ្វីដែលអាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់បន្តទៀតនោះ គឺមើលថែប្រជាពលរដ្ឋ ដែលលិចលង់នេះ ដោយត្រូវនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន មកចែកជូន គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។  ឯកឧត្តមអភិបាលរាជធានីក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌដង្កោគិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្រោយជំនន់ទឹកភ្លៀង ស្រកអស់ និងបានជំរុញឱ្យពលរដ្ឋទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង