គ្រោងធ្វើទំនប់ប្រវែង ៦ គីឡូម៉ែត្រ ប្របដងស្ទឹងព្រែកត្នោតការពារទឹកជំនន់

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣នេះ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមសណ្ដស្ទឹងព្រែកត្នោត ខណ្ឌដង្កោ រាជធានីភ្នំពេញ។  លោក ឃួង ស្រេង បានប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពទឹក​នៅព្រឹកនេះបានស្រកចុះប្រមាណជាង ២ តឹក ខណៈប្រជាពលរដ្ឋនៅប្របមាត់ស្ទឹងព្រែកត្នោតមួយចំនួនស្ថិតក្នុងការព្រួយបារម្ភ។  អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា រដ្ឋាភិបាលមានផែនការធ្វើទំនប់ប្រវែង ៦ គីឡូម៉ែត្រនៅប្របមាត់ស្ទឹងព្រែកត្នោត ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋពីការវាយប្រហារដោយទឹកជំនន់។  លោក ឃួង ស្រេងថ្លែងថា៖​ «ប្រសិនបើមិនទាន់មានថវិកាធ្វើបេតុង ៦ គីឡូជាង នេះ យើងនឹងចាក់ដីធ្វើ ដោយបង្ហាប់ដីទៅតាមបច្ចេកទេស របស់ក្រសួងធនធានទឹក និងក្រសួងសាធារណការ»។  របាយការណ៍របស់អាជ្ញាធរមូលដ្ឋានបង្ហាញថា មានសង្កាត់ចំនួន ១០ ស្ថិតនៅតាមដងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ រងការជន់លិច ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១ ពាន់គ្រួសារ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង