សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងទឹកស្អាត» ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងហើយ

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងទឹកស្អាត» ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងហើយ។ ការអនុម័តបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣នេះ។ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទឹកស្អាត គឺជាមូលដ្ឋានយ៉ាងសំខាន់ដែលអាចទ្រទ្រង់ និងត្រូវឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់កម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរពីរមួយឆ្នាំទៅមួយឆ្នាំ។ ការផ្គត់ផ្គង់ទឹកស្អាត គឺជាអាទិភាពមួយនៃវិស័យអាទិភាពទាំងបួន នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ រួមមាន មនុស្ស ផ្លូវ ភ្លើង និងទឹក។ ក្នុងបរិបទនៃការរីកចម្រើនសង្គម ការផ្គត់ផ្គង់ទឹកស្អាតទាមទារការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលត្រូវអនុលោមទៅតាមលក្ខខណ្ឌគោលបួនយ៉ាង គឺទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការលើកកម្ពស់សុខុមាលភាពសាធារណៈ និងការឆ្លើយតបទៅនឹងតម្រូវការខាងផ្នែកផលិតកម្ម អាជីវកម្ម សេវាកម្មលើគ្រប់វិស័យក្នុងសង្គមជាតិទាំងមូល។ លើសពីនេះ ការអភិវឌ្ឍ និងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាត ក៏ជាកត្តាគន្លឹះមួយក្នុងការបង្កើន ជំនឿទុកចិត្ត និងទាក់ទាញការវិនយោគពីវិស័យឯកជនជាតិ និងអន្តរជាតិសម្រាប់ការបង្កើត មូលដ្ឋានផលិតកម្ម អាជីវកម្មនៅកម្ពុជា។ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានផ្ដួចផ្តើមរៀបចំដោយអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់តាំងពីឆ្នាំ២០១៦ និងបានពិភាក្សា កែសម្រួលជាបន្តបន្ទាប់នៅក្នុងអាណត្តិក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការគាំទ្រក្នុងជំហានដំបូងពីទីភា្នក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង