ជំនន់ទឹកភ្លៀងកំពុងវាយលុកលើស្រុក-ក្រុង៤ ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ : អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បាននិយាយថា អាកាសធាតុមានការប្រែប្រួល ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅដើមខែមករានេះ ធ្វើឱ្យក្រុងស្រុកចំនួន៤នៃខេត្តនេះបានរងនូវការវាយប្រហារដោយទឹកជំនន់។ការឱ្យដឹងដូច្នេះគ្រាដែលលោកដឹកនាំក្រុមការងារនៃមន្ទីរពាក់ពន្ធ័ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាក្រុង-ស្រុកទាំងនោះ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។  លោក វ៉ី សំណាង ថាក្រុង-ស្រុកដែលបានរងការវាយប្រហារនោះមាន ក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច។បច្ចុប្បន្នអាជ្ញាធរស្រុកកំពុងចុះពិនិត្យយ៉ាងយកចិត្តដាក់បំផុតជុំវិញករណីនេះ ហើយក៏បានត្រៀមគ្រប់មធ្យោបាយដើម្បីបង្ការសង្គ្រោះពលរដ្ឋដែលរងគ្រោះជាយថាហេតុ។ ជាមួយនិងការលើកឡើងនេះដែរលោក វ៉ី សំណាង នៅមិនអាចបញ្ជាក់ពីចំនួនប៉ះពាល់ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម និងទ្រព្យសម្បត្តិពលរដ្ឋនៅឡើយទេ ខណៈក្រុមការងារស្រុក-ក្រុង ភូមិ-ឃុំកំពុងជាប់ដៃក្នុងជួយបង្ការសង្គ្រោះដល់ពលរដ្ឋចេញពីជំនន់នេះ តែទោះយ៉ាងណាមិនទាន់មានការរាយការណ៍ណាមួយជុំវិញគ្រោះថ្នាក់ផ្សេងៗរបស់មនុស្សសត្វក្នុងជំនន់នេះទេ។ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងថា ភ្លៀងនៅបន្តធ្លាក់នៅផ្នែកខាងលើ ទឹកបានហូរធ្លាក់មកផ្នែកខាងក្រោមបណ្តាលឱ្យអាងស្តុកទឹកមួយចំនួនមានការកើនឡើងកម្រិតទឹកគួរឱ្យព្រួយបារម្ភ។ទន្ទឹមនិងនេះមន្ទីរជំនាញក៏បានដាក់ពង្រាយមន្ត្រីរបស់ខ្លួននៅតាមគោលដៅសំខាន់ៗដើម្បីពិនិត្យតាមដានពីការប្រែប្រួលនៃកម្ពស់ទឹកផងដែរ។ជាមួយនេះអាងស្តុកទឹកស្វយ័តអន្លង់ជ្រៃនៃស្រុកថ្ពងទឹកឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន មន្ទីរជំនាញរួមជាមួយអាជ្ញាធរបង្ខំចិត្តបើកទ្វារទឹកទាំង៥ដើម្បីរំដោះទឹកចេញបញ្ជៀសការបាក់ធ្លាយទំនប់ជាយថាហេតុ។តែទន្ទឹមនឹងការបើកទ្វារទឹកនេះ នៅផ្នែកខាងក្រោមនឹងមានការជន់លិចនៅចំនុចមួយចំនួន រដ្ឋបាលខេត្តបានប្រកាសឱ្យពលរដ្ឋត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់និងបង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះមនុស្សចាស់និងកុមារតូចៗត្រូវតែបញ្ជូនទៅរកទីទួលសុវត្ថិភាព។ លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺក៏បានឱ្យដឹងដែរថា ផ្លូវជាច្រើនខ្សែត្រូវបានលិចលង់និងកាត់ផ្តាច់ដោយអន្លើៗពីជំនន់ទឹកភ្លៀងនេះ។ ការចរាចរណ៍នៃយានយន្តគ្រប់ប្រភេទត្រូវបានជាប់គាំងមិនអាចទៅមកបានចំពោះផ្លូវមួយចំនួន ហើយប្រសិនជាភ្លៀងនៅតែបន្តធ្លាក់ថែមទៀត នោះផ្លូវទាំងអស់នៅក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺអាចនិងបិទការធ្វើចរាចរណ៍បណ្តោះអាសន្នដោយរងចាំទឹកស្រកទៅវិញ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង