សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យរួមគ្នា បន្ដជំរុញយន្ដការពហុភាគីនិយម និងវប្បធម៌សន្ទនា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានអំពាវនាវឲ្យរួមគ្នា បន្ដជំរុញយន្ដការពហុភាគីនិយម និងវប្បធម៌សន្ទនា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា សំដៅការទប់ស្កាត់ការបែងចែកសេដ្ឋកិច្ច និងប្លុកពាណិជ្ជកម្ម ព្រមទាំងបញ្ចៀស នូវការប៉ះទង្គិចយោធាណាមួយ។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង (Voice of South Summit) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូលនេះ ក៏មានការចូលរួមបណ្តាមេដឹកនាំ នៃប្រទេសមួយចំនួនទៀត នៅលើពិភពលោកផងដែរ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា និន្នាការពហុពោល និងការបែងចែងប្លុក កំពុងមានការរីកឡើងកាន់តែច្បាស់, ការគោរពឯករាជ្យអធិបតេយ្យ និងស្វិតស្វាយសម្រេច ក្នុងការជ្រើសរើសមាគ៌ា សម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ជាកិច្ចការដែលយើងទាំងអស់ ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ត្រូវបន្ដប្រកាន់ជំហរ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងទាំងអស់គ្នា ត្រូវបន្ដជំរុញយន្ដការពហុភាគីនិយម និងវប្បធម៌សន្ទនា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា សំដៅការទប់ស្កាត់ ការបែងចែកសេដ្ឋកិច្ច និងប្លុកពាណិជ្ជកម្ម ព្រមទាំងបញ្ចៀស នូវការប៉ះទង្គិចយោធាណាមួយ ដែលអាចកើតឡើងជាជាយថាហេតុ ដើម្បីថែរក្សាសន្ដិភាព សន្ដិសុខ និងស្ថេរភាពតំបន់ និងសកល»។ បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បទពិសោធន៍ពីជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ថា ការបន្ដកសាងភាពធន់សង្គម ដោយផ្ដោតលើការអភិវឌ្ឍន៍ ប្រព័ន្ធសុខាភិបាល, ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងការគាំពារសង្គម ពិតជាមានសារៈសំខាន់ ដើម្បីត្រៀមទប់ទល់នឹងការប៉ះទង្គិចផ្សេងៗទៀត នាពេលអនាគត។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា យើងក៏មានការចាំបាច់ បន្ដអភិវឌ្ឍន៍ធនធានមនុស្ស ដែលផ្ដោតលើកាលានុវត្ដភាព នៃបម្រែបម្រួលវិទ្យាសាស្ដ្រ, តម្រូវការទីផ្សារការងារ និងការអភិវឌ្ឍន៍។ ជាមួយគ្នានេះ បច្ចេកវិទ្យាឌីជីថល បានក្លាយជាកម្លាំងចលករ និងរឹងមាំ ក្នុងការលើកកម្ពស់ ពិពិធកម្ម និងកំណើនសេដ្ឋកិច្ច, ពង្រឹងភាពប្រកួតប្រជែង និងភាពធន់ ធ្វើយ៉ាងណាក្ដី ការចាប់យកបច្ចេកវិទ្យាឌីជីថល នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ នៅតែបន្ដមានគម្លាត។ នេះជាការបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងន័យនេះ យើងពិតជាការចាំបាច់ ក្នុងការចែករំលែកនូវបច្ចេកវិទ្យាថ្មីៗ នូវការបណ្ដុះបណ្ដាល ក៏ដូចជាការទាក់ទាញនូវការវិនិយោគ ការផ្ដល់ជំនួញហិរញ្ញវត្ថុ និងបច្ចេកទេសពីប្រទេសអភិវឌ្ឍន៍៕ សម្រួលដោយ ទៀង បុណ្ណរី