កុមារាអាយុ៥ឆ្នាំម្នាក់ស្លាប់ ក្នុងការសម្លាប់រង្គាលរបស់របបយោធាមីយ៉ាន់ម៉ា
TNM(មីយ៉ាន់ម៉ា) ៖ របបយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានសម្លាប់រង្គាលក្មេងប្រុសអាយុ៥ ឆ្នាំម្នាក់និងក្រុមបាតុករជាង១០០នាក់នៅពេលដែលកងទ័ពបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីទូរទស្សន៍រដ្ឋបានព្រមានក្រុមបាតុករកាលពីថ្ងៃសុក្រថា «ក្រុមបាតុករនឹងត្រូវបាញ់បំបែកក្បាល និងពីខាងក្រោយ»។
ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈបានចេញមកប្រមូលផ្តុំគ្នាតាមដងផ្លូវនៃទីក្រុង Yangon, Mandalay និងទីក្រុងផ្សេងទៀត ប្រឆាំងនឹងការព្រមានដែលថា ពួកគេអាចត្រូវបានគេបាញ់ ខណៈឧត្តមសេនីយ៍របស់ប្រទេសនេះ ប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ។ ការស្លាប់កាលពីថ្ងៃសៅរ៍គឺជាថ្ងៃបង្ហូរឈាមក៏សាហាវបំផុតមួយចាប់តាំងពីការធ្វើរដ្ឋប្រហារដោយមានជនស៊ីវិលជិត៤០០នាក់ដែលត្រូវបានរាយការណ៍ថាបានសម្លាប់។
ក្មេងប្រុសម្នាក់ដែលត្រូវបានសារព័ត៌មានក្នុងស្រុករាយការណ៍ថា កុមារមានអាយុតិចជាង៥ ឆ្នាំស្ថិតក្នុងចំណោមមនុស្សយ៉ាងតិច១៣នាក់ដែលត្រូវបានសម្លាប់នៅក្នុងទីក្រុង Mandalay របស់ប្រទេសមីយ៉ាន់ម៉ា។
គេហទំព័រព័ត៌មាន Myanmar Now បាននិយាយថាមនុស្ស ៦៤ នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេសនៅម៉ោង២ និង៣០នាទីរសៀលម៉ោងក្នុងស្រុកហើយចំនួនសរុបត្រូវបានគេជឿថា បានកើនឡើងដល់១០៦នាក់។
សាក្សីម្នាក់បាននិយាយថា មនុស្សចំនួន៣នាក់ រួមទាំងបុរសម្នាក់ដែលលេងក្នុងក្រុមបាល់ទាត់អាយុក្រោម២១ឆ្នាំផងដែរ ត្រូវបានសម្លាប់ក្នុងការតវ៉ាមួយនៅសង្កាត់ Insein នៃទីក្រុង យ៉ាំងហ្គោន។ ទន្ទឹមនោះ អ្វីដែលកាន់តែគួរឲ្យសង្វេគនោះគឺ ទារកអាយុ១ឆ្នាំម្នាក់ ត្រូវគេបាញ់គ្រាប់កាំភ្លើងជ័រ ចំភ្នែក។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានថ្កោលទោសយ៉ាងខ្លាំងចំពោះយោធាដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន រន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការស្លាប់កាលពីថ្ងៃសៅរ៍ ហើយអំពើហិង្សានេះបង្ហាញថា “យោធាមីយ៉ាន់ម៉ាបានបូជាជីវិតប្រជាជន ដើម្បីបម្រើផលប្រយោជន៍មនុស្សតែពីរបីនាក់”៕