អាជ្ញាធរមីនដាក់គោលដៅបោសសម្អាតមីននៅក្នុងខេត្តចំនួន១២ឱ្យអស់នៅក្នុងឆ្នាំ២០២៣នេះ

ភ្នំពេញ៖ អាជ្ញាធរមីន បានដាក់គោលដៅសម្រាប់ឆ្នាំ២០២៣នេះ នឹងធ្វើការបោសសម្អាតដី ចម្ការមីន​នៅខេត្តចំនួន១២ឲ្យអស់ និងប្រកាសជាខេត្តគ្មានមីន រួមទាំងប្រគល់ដីសម្រាប់ប្រជាពលរដ្ឋអាស្រ័យ​ផល ខណៈប្រតិបត្តិករនានាកំពុងបង្កើនល្បឿនការបោសសម្អាត នៅទូទាំងប្រទេស ។ ក្នុងពិធីទទួលថវិកាពីធនាគារស្ថាបនា និងសមាគមវាយនភណ្ឌ នៅថ្ងៃទី១១ ខែមករា នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា​ ចាប់តាំងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ​បានបង្កើតមូលនិធិកៀគរថវិកា ដើម្បអនុវត្តគម្រោងសកម្មភាពមីន គឺអាជ្ញាធរមីន ទទួលបាននូវថវិកាប្រមាណជាង ២០លានដុល្លារពីសប្បុរសជននានា និងសម្រេចការ​បោសសម្អាត ដីចម្ការមីនបានជាង ៩០គីឡូម៉ែត្រក្រឡា​ ចំណែកផ្ទៃដីចម្ការមីននៅសល់ គឺចំនួនជាង៦០០គីឡូម៉ែត្រ ក្រឡាទៀត ។ ឯកឧត្តម បានបន្តថា សម្រាប់ផែនការនៅឆ្នាំ២០២៣នេះ នឹងធ្វើការបោសសម្អាតចម្ការមីន ឲ្យ បាន​ជាង​២០០គីឡូម៉ែត្រក្រឡា នៅសល់ជាង៣០០គីឡូម៉ែត្រក្រឡាទៀត ​នឹងបោសសម្អាតបន្តនៅឆ្នាំ ២០២៤ និង២០២៥ ហើយនៅឆ្នាំនេះ ​គ្រោងនឹងបោសសម្អាតចម្ការមីន ​និងប្រកាសជាខេត្តអស់មីន ដូចជា ខេត្តកំពត ស្វាយរៀង និងកោះកុង ជាដើម ។ លោក ហ្វុង កៃជីន (Fung Kai Jin) នាយកប្រតិបត្តិធនាគារស្ថាបនា បានលើកឡើងថា ការចូល រួមជាថវិកាជាមួយរាជរដ្ឋាភិបាល ​ក្នុងការងារបោសសម្អាតមីននេះ គឺជាសកម្មភាពមនុស្សធម៌មួយ ក្នុងចំណោមសកម្មភាពជាច្រើនទៀត ដើម្បីធ្វើឲ្យជីវភាពរបស់ពលរដ្ឋកាន់តែប្រសើរឡើង ។ កាលពីឆ្នាំ២០២២ អាជ្ញាធរមីន ​បានប្រកាសខេត្តកែប​ ជាខេត្តអស់មីនដំបូងគេ ​ហើយនៅដើមឆ្នាំ នេះ បានចាប់ផ្ដើមប្រកាសឃុំ និងភូមិមួយចំនួន ក្នុងខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន រួមទាំងការផ្ដល់​ដី​សុវត្ថិភាព​ដល់ពលរដ្ឋអាស្រ័យផល។ ដើម្បីឲ្យផែនការកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ បានសម្រេច​ជោគជ័យ សម្ដេចតេជោ បានបញ្ចេញនូវប្រាក់សន្សំប្រមាណ ៣០លានដុល្លារ ផ្ដល់ទៅអាជ្ញាធរមីន ធ្វើការងារវិស័យ ​មីននេះផងដែរ ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង