ភ្នំនាគខៀវសាងសង់រូបសំណាកព្រះគោព្រះកែវ សម្រាប់បម្រើឲ្យវិស័យទេសចរណ៍

ស្ទឹងត្រែង៖ ភ្នំនាគខៀវ ស្ថិតនៅភូមិកំពុងស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ព្រះសង្ឃ និងពុទ្ធបរិស័ទបានសាងសង់រូបសំណាក ព្រះគោ ព្រះកែវ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈ ដើម្បីតម្កល់ទុកក្នុងផ្នែកព្រះពុទ្ធសាសនា និងមានឫទ្ធិអំណាច ជួយអភិរក្សសម្បត្តិធម្មជាតិតំបន់នេះឱ្យនៅគង់វង្សដល់កូនចៅជំនាន់ក្រោយៗហើយក៏សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផងដែរ។  ព្រះអង្គ ឃុត សុខុម មានថេរដិការថា៖ តាំងពីមានរូបសំណាក ព្រះគោ ព្រះកែវ ស្ថិតនៅទីនេះមកជនខិលខូចមិនហ៊ានមកកាប់ឈើ ឬបរបាញ់សត្វព្រៃទៀតទេ ព្រោះក្លាចបារមីព្រះគោព្រះកែវ ព្រោះបើអ្នកណាមកមានបំណងមិនល្អធ្វើឱ្យវង្វេងព្រៃ ឬដើរទៅមុខមិនរួចទន់ដៃជើងជាដើម។ សមិទ្ធផលព្រះគោព្រះកែវនេះ សាងសង់ឡើង នៅទន្ទឹមគ្នា ក៏មានផលប្រយោជន៍ឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍មកកម្សាន្តនៅតំបន់នេះ បានគោរពបូជាសុំសេចក្តីសុខចំរើនទៅតាមប្រពៃណីសាសនារដ្ឋយើងផង និងបានស្គាល់រូបព្រះគោព្រះកែវ នៅក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈនេះ។  ទីកន្លែងមជ្ឈមណ្ឌលវិបស្សនាធុរៈនេះអំណោយផលល្អសំរាប់ពុទ្ធបរិស័ទជិតឆ្ងាយមកតាំងធម៌សមាធិ ដើម្បីជំរះភាពសៅហ្មងក្នុងចិត្តហើយគោរពប្រតិបត្តិនូវសេចក្តីល្អជំនួសវិញ ហើយមួយផ្នែកទៀតបានក្លាយទៅជារមណីយដ្ឋានវប្បធ៌មសម្រាប់បំរើឱ្យវិស័យទេសចរណ៍។  លោក លីម ស៊ាងលី ប្រធានគណៈកម្មការគ្រប់គ្រងតំបន់អភិរក្សនេះ បានទទួលស្គាល់ថា៖ ការរៀបចំឱ្យមានសមិទ្ធផលនៅតំបន់នេះពិតជាបានលើកកម្ពស់តម្លៃវប្បធ៌មប្រពៃណីជាតិខ្មែរយើងព្រោះនៅតំបន់នេះ មានព្រៃឈើ ដើមឈើធំៗ ភ្នំមានល្អាងថ្ម ជាសម្បត្តិធម្មជាតិ បន្សល់ទុកពីជំនាន់មនុស្សសម័យដើម។ សូមបញ្ជាក់ថា៖ នៅស្រុកថាឡាបរិវ៉ាត់ តំបន់នេះ មានភ្នំធំៗច្រើនដូចជា-ភ្នំឈ្ងោគ-ភ្នំក្ងោគមាស-ភ្នំនាគខៀវ-ភ្នំធំ- នឹងភ្នំគីរីសុខសាន្តជាដើម៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង