ពលរដ្ឋនៅក្រុងក្រចេះ រិះគន់អាជ្ញាធរថា ចាក់ក្រាស់ស៊ីស្តើងចាក់ស្តើងស៊ីក្រាស់ ផ្លូវចាក់កៅស៊ូធ្វើបាន៨ខែខូចហ្មត់..!

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវចាក់កៅស៊ូមួយខ្សែប្រវែង៥គីឡូម៉ែត្រ ពីសង្កាត់ក្រគរ ទៅឃុំគោលាប់ និងមួយខ្សែទៀតជាប់គ្នា ប្រវែង៨,៣០គីឡូម៉ែត្រ ដែលទើបនឹងបើកសម្ពោធកាលពីពាក់កណ្តាលខែ៥ ឆ្នាំ២០២២ថ្មីៗ បានរងនូវការខូចខាតធ្ងន់ធ្ងរ និងកំពុងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះស្ទើរជារៀងរាល់ថ្ងៃ…។ លោកយាយរ៉ែន រស់នៅភូមិកន្ទ្រីញ សង្កាត់អូរឫស្សី ក្រុងក្រចេះ បានផ្តល់បទសម្ភាសដល់ TNM នៅថ្ងៃទី១០មករា ឆ្នាំ២០២៣នេះថា លោកយាយមិនយល់សោះ ហេតុអ្វីផ្លូវដែលទើបនឹងសាងសង់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ថ្មីៗនេះសោះ តែបែរជាខូចស្ទើរដូចកាលពីមិនទាន់ធ្វើទៅហើយ។ តាមពិតទៅ ផ្លូវនេះខូចតាំងពីសម្ពោធបាន៣ខែមកម្ល៉េះ ប៉ុន្តែខូចតិចៗដោយកន្លែង ព្រោះមើលទៅការចាក់កៅស៊ូមានសភាពស្តើងខ្លាំង ចំណែករថយន្តធុនធ្ងន់ក៏ដឹកឆ្លងកាត់ផ្លូវនេះច្រើន ទើបផ្លូវននេះខូចខ្លាំងបែបនេះ។ លោកយាយបន្តថា រាល់ថ្ងៃមានអ្នកជិះម៉ូតូជួបគ្រោះថ្នាក់ដួលបែកក្បាលជាច្រើននាក់ហើយ និងខ្លះអាចឈានដល់បាត់បង់អាយុជីវិតទៀតផង ព្រោះតែរអិលថ្ម និងមានជង្ហុកធំៗ។ លោកយាយសង្ឃឹមថា អាជ្ញាធរក្រុងនឹងឆាប់ចុះមកជួយជួសជុលផ្លូវមួយខ្សែនេះឆាប់ៗវិញផង កុំបណ្តោយទុកបែបនេះ គឺមិនល្អទេ ប្រជាពលរដ្ឋនឹងជួបគ្រោះថ្នាក់ទៀតមិនខាន ម្យ៉ាងផ្លូវនេះស្ថិតនៅក្នុងក្រុងថែមទៀត វាពិបាកភ្នែកមើលណាស់។ ដោយឡែក ប្រជាពលរដ្ឋនៅភូមិដដែលនេះចំនួន២នាក់ផ្សេងទៀត សុំមិនបង្ហាញអត្តសញ្ញាណ ​បានឱ្យដឹងថា ផ្លូវនេះខូចលឿន គឺមកពីអាជ្ញាធរធ្វើផ្លូវលួចស៊ីច្រើនពេក បានជាផ្លូវគ្មានគុណភាពបែបនេះ ពោលគឺដូចពាក្យពលរដ្ឋធ្លាប់និយាយថា «ចាក់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់» ហើយផ្លូវនេះ វាចំអាចាក់ស្តើងស៊ីក្រាស់ហ្នឹងតែម្ដង បានជាធ្វើមិនបានកន្លះឆ្នាំខូចខ្ទេចខ្ទីបែបនេះនោះ…? ពលរដ្ឋខាងលើ បន្តថា សូមខាងក្រសួងសាធារណការ និងដឹកជញ្ជូនមេត្តាចុះត្រួតពិនិត្យមើលផ្លូវនៅក្រុងក្រចេះផង ខូចជាច្រើនខ្សែហើយ កុំជឿតែលើរបាយការណ៍របស់ប្រធានមន្ទីរពេក សូមចុះមកពិនិត្យមើលផ្ទាល់ផង បើសាងសង់មិនបានកន្លះឆ្នាំខូចអស់យ៉ាងនេះ ច្បាស់ជារលាយថវិការដ្ឋអស់មិនខានទេ ចំណែកលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សាំង ប៊ុនថេន មិនដែលចុះមកពិនិត្យមើលផ្លូវខូចខាតនេះឡើយ…។ យ៉ាងណា TNM  មិនអាចសុំការបំភ្លឺពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី១០មករានេះ ព្រោះទូរសព្ទចូលគ្មានអ្នកទទួល។ ដូច្នេះ TNM នឹងរង់ចាំស្វាគមន៍ការបំភ្លឺពីលោកប្រធានមន្ទីរ ប្រសិនបើលោកយល់ថា ការរិះគន់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើមិនពិត..៕   សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង