សាហាវណាស់..! លែងលះគ្នាបាន៥ខែ ខឹងសុំត្រូវរ៉ូវគ្នាវិញមិនព្រម ទាញពូថៅសំពងប្រពន្ធ២ខ្នងពូថៅស្លា.ប់
ខេត្តបាត់ដំបង៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ជាអតីតប្ដីជនរងគ្រោះ ក្រោយបានប្រព្រឹត្តអំពើហិង្សាលើ អតីតប្រពន្ធដែលបានលែងលះគ្នា អស់រយៈពេល០៥ខែ បណ្ដាលឱ្យរបួសធ្ងន់ ហើយនាងបានស្លា.ប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧ៈ៣០នាទីយប់ថ្ងៃទី០៨ មករា នៅចំណុចភូមិទូលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី…។ ជនដៃដល់ឈ្មោះ ខុន សុខណា អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយសុខហោ ឃុំជើងទឹក ស្រុកកំពង់លាវ ខេត្តព្រៃវែង។ រីឯអតីតប្រពន្ធជាជនរងគ្រោះឈ្មោះ ហួម ទឹម អាយុ២៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។ បើតាមការឱ្យដឹងពីលោក គិត សារ៉ង នាយប៉ុស្ដិ៍រដ្ឋបាលឃុំកកោះ បានប្រាប់ថា ប្ដីប្រពន្ធមួយគូនេះ បានគ្នាជាង១០ឆ្នាំហើយ និងមានកូន០២នាក់។ ក្រោយចាប់ដៃគ្នា ពួកគេបាននាំគ្នាទៅរស់នៅស្រុកកំណើតខាងប្ដី នៅខេត្តព្រៃវែង ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ លោកប្ដីម្នាក់នេះ ហាក់កើតរោគប្រចណ្ឌប្រពន្ធ តែងបង្កជម្លោះ និងប្រើអំពើហិង្សាមកលើប្រពន្ធជាបន្តបន្ទាប់ រហូតប្រពន្ធទ្រាំមិនបាន ក៏សម្រេចចិត្តលែងលះគ្នា និងបាននាំកូនទាំង០២ត្រឡប់មកស្រុកកំណើតនៅស្រុកមោងឫស្សីវិញ។ នាយប៉ុស្ដិ៍រដ្ឋបាលរូបនេះ បន្ថែមថា មុនត្រឡប់មកស្រុកវិញ ប្ដីប្រពន្ធមួយគូនេះ បានព្រមព្រៀងផ្តិតមេដៃលេងលះនៅចំពោះមុខមេភូមិដាច់ស្រេចហើយ នៅឯស្រុកខាងប្ដី។ នាងប្រពន្ធ ក៏បាននាំកូនៗវិលមករស់នៅស្រុកកំណើតវិញ។ លុះនៅថ្ងៃទី០៧ ខែមករា លោកប្ដីហេងស៊យម្នាក់នេះ បានធ្វើដំណើរមកតាមអតីតប្រពន្ធ ដើម្បីសុំផ្សះផ្សារត្រូវរ៉ូវគ្នាវិញ ប៉ុន្តែប្រពន្ធបដិសេធមិនព្រម។ លុះដល់យប់ថ្ងៃទី០៨ ខែមករា អតីតប្ដីហេងស៊យរូបនេះ ក៏បានផឹកស៊ីជាមួយអ្នកភូមិដែលស្គាល់គ្នា ហើយឃើញអតីតប្រពន្ធដើរកាត់តាមផ្លូវនោះ ស្រាប់តែបុរសអតីតប្ដី បានទាញពូថៅស្ទុះទៅវាយក្បាល អតីតប្រពន្ធទាំងកំរោល គ្មានញញើតដៃ ត្រូវចំនួន០២ខ្នងពូថៅបណ្ដាលឱ្យនាងរបួសបែកឈាមដួលសន្លប់លើផ្លូវតែម្ដង។ លាមៗ ក្រុមគ្រួសារ បានដឹកនារីរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែដោយសាររបួសធ្ងន់ធ្ងរពេក ទើបស្ត្រីរងគ្រោះដាច់ខ្យល់ស្លាប់នៅតាមផ្លូវ រីឯជនដៃដល់ ក៏ត្រូវកម្លាំងមូលដ្ឋានចុះអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗដែរ។ បច្ចុប្បន្នជនសង្ស័យជាប្ដី ត្រូវមន្ត្រីជំនាញ កំពុងសួរនាំ និងរៀបចំសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់…៕ សម្រួលដោយ ទៀង បុណ្ណរី