បញ្ជូនខ្លួនមន្ត្រីយោធា​ពាក់​ផ្កាយ​២ ​ទៅតុលាការ ពាក់ព័ន្ធអំពើហិង្សាលើប្រពន្ធ ប្អូនថ្លៃ និងក្មួយ

រាជធានីភ្នំពេញ៖​ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនមន្ត្រីយោធា​ពាក់​ផ្កាយ​២ម្នាក់ ​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរតាមនីតិវិធី ដើម្បីឈាន​ទៅរកការចោទប្រកាន់តាមច្បាប់ ពាក់ព័ន្ធនឹងបទល្មើសប្រើហិង្សាលើក្រុមគ្រួសារ​…។ មន្ត្រីយោធា​ពាក់​ផ្កាយ​២ មានឈ្មោះ ​អឿង ប៉ុលភិវឌ្ឍន៍ បច្ចុប្បន្នធ្វើការនៅនាយកដ្ឋានសរុប ក្រសួងការពារជាតិ។ មន្ត្រីរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៣​ ដែលបានប្រព្រឹត្តអំពើហិង្សាលើប្រពន្ធ​ ប្អូនថ្លៃស្រី​ និងក្មួយស្រី​ ស្ថិតនៅផ្លូវ៣១៣​ ក្នុងសង្កាត់បឹងកក់ទី១​ខណ្ឌទួលគោក​ រាជធនីភ្នំពេញ។ ជនរងគ្រោះទាំង៣នាក់ បានរៀបរាប់ថា ពួកគាត់តែងតែទទួលរងការវាយដំអស់រយៈពេល៧ ទៅ៨ឆ្នាំហើយ តែជនរងគ្រោះ​ ចេះ​​តែទ្រាំ​មិនប្តឹងផ្តល់អ្វីនោះទេ​ ប៉ុន្តែនៅយប់កើតហេតុ មន្ត្រីយោធាដែលជាប្ដី បានរករឿងគាត់​ ប្អូនថ្លៃ និងក្មួយតាំងពីយប់រហូត​ទល់​ភ្លឺ ទើបគាត់មិនអាចទ្រាំបានតទៅទៀត​ រួមនឹងមានការភ័យខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតផងនោះ ក្រុមជនរងគ្រោះ ក៏បានប្តឹងទៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឱ្យមកជួយអន្តរាគមន៍​។ ភ្លាមៗ កម្លាំងកងរាជអាវុធហត្ថ បានមកនាំខ្លួនបុរសជាប្ដីយកទៅសួរនាំ​ និងក្រោយមកបានមកឆែកយក​កាំភ្លើងវែង​២ដើម និងបង់ជាច្រើនផងដែរ។ មន្ត្រីយោធាពាក់ផ្កាយ២រូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទារ​ទោសទៅ​តាម​ផ្លូវច្បាប់។ ជាមួយគ្នានេះ ជនរងគ្រោះ ក៏បានស្នើដល់កម្លាំងកងរាជអាវុធហត្ថ និងតុលាការ មេត្តារកយុត្តិធម៌ ដល់ពួក​គាត់ជាជនរងគ្រោះផងដែរ…៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង