ទ័ពមួកខៀវអំពាវនាវពលរដ្ឋខ្មែររួមគ្នាថែរក្សាសន្តិភាព ខណៈប្រទេសមានសង្គ្រាមកំពុងពិបាករកសន្តិភាព
ភ្នំពេញ៖ រសៀលថ្ងៃទី៩ ខែមករានេះ កងទ័ពមួកខៀវកម្ពុជា ចំនួន៤៦នាក់ បានត្រឡប់មកកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីកងកម្លាំងទាំងនោះ បានបញ្ចប់ការងារបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គភាពសហប្រជាជាតិនៅប្រទេសម៉ាលី អស់រយៈពេល១ឆ្នាំ បានជោគជ័យ ហើយគេក៏បានអំពាវនាវពលរដ្ឋខ្មែរទាំងអស់រួមគ្នាថែរក្សាសន្តិភាព ខណៈប្រទេសកំពុងជួបភ្លើងសង្គ្រាមបច្ចុប្បន្ន មានភាពពិបាកស្វែងរក្សាសុខសន្តិភាពរបស់គេមកវិញ។ ថ្លែងនៅក្នុងឱកាសអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បណ្តាកងកម្លាំងទ័ពមួកខៀវកម្ពុជា មកពីប្រទេសម៉ាលី ថ្លែងថា អស់រយៈពេល៨ឆ្នាំមកហើយ ដែលកម្ពុជា បានបញ្ជូនកងកម្លាំងទ័ពមួកខៀវប្តូរវេនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពUNនៅប្រទេសម៉ាលី ហើយរហូតមកដល់ពេលនេះ ស្ថានភាពជម្លោះសង្គ្រាមនៅប្រទេសម៉ាលីនៅមិនទាន់មានភាពធូរស្រាលវិញទាំងស្រុងនោះទេ ហើយស្ថានភាពការរស់នៅពលរដ្ឋម៉ាលីកំពុងជួបប្រឈមការលំបាកដូចជា ការគ្មានផ្ទះសំបែងជំរុំរកស្នាក់នៅពិតប្រាកដ ជួបបញ្ហាកង្វះខាតស្បៀងអាហារ ជំងឺឈឺស្លាប់គ្មានថ្នាំសង្កូវព្យាបាល វិស័យធនធានមនុស្សធ្លាក់ចុះ សំណង់ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញជាដើម ហើយពលរដ្ឋម៉ាលីកំពុងដង្ហើយហៅរកមជ្ឈដ្ឋានអន្តរជាតិជួយពន្លត់ភ្លើងសង្គ្រាមនេះ។ ថ្លែងក្នុងឱកាសទទួលដំណើរកងកម្លាំងមួកខៀវ ឧត្តមសេនីយទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា ថ្លែងថា អនុវត្តគោលការណ៍អង្គការសហប្រជាជាតិ UN កម្ពុជាតែងតែធ្វើការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពប្តូរវេនរៀងរាល់១ឆ្នាំម្តងពីកម្ពុជាទៅកាន់ប្រទេសម៉ាលីចំនួន២៧៣នាក់ ទៅមករៀងរាល់ឆ្នាំ ហើយការធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញចំនួន៤៦រូប គឺកងចុងក្រោយ បន្ទាប់ពីគេបានបញ្ចប់បេសកកម្មដោយជោគជ័យរយៈពេល១ឆ្នាំនៅប្រទេសម៉ាលី។ យ៉ាងណាក៏ដោយ ឧត្តមសេនីយទោ សែម រតនា បានថ្លែងការកោតសរសើរកងកម្លាំងមួកខៀវកម្ពុជា ដែលបានបំពេញបេសកកម្មរក្សាសន្តិភាពUN នៅប្រទេសម៉ាលី នៅក្នុងតំបន់សង្គ្រាម មានព្យុះខ្សាច់សាហារ៉ា នៅក្នុងកំដៅអាកាសធាតុ ៥៣អង្សាសេ ធ្វើការបោសសំអាតមីន គ្រឿងបំផ្ទុះដាក់កង្កៃ ដើម្បីការពាររថយន្តដឹកស្បៀងអាហារ និងការពារក្បួនធ្វើដំណើរតាមផ្លូវអាកាស និងតាមផ្លូវគោគនានាទៀតរបស់UN៕ សម្រួលសោយ ទៀង បុណ្ណរី