កូនសត្វខ្ទីងមួយក្បាលត្រូវបានជួយសង្គ្រោះពីអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
កូនសត្វខ្ទីងមួយក្បាលត្រូវបានក្រុមការងារសង្គ្រោះសត្វព្រៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ជួយសង្គ្រោះកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ក្រោយពេលក្រុមការងារបានទទួលព័ត៌មានថាសត្វខ្ទីងមួយក្បាលបានជាប់អន្ទាក់នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ កូនសត្វខ្ទីងនេះបាន របួសជើងមុខខាងស្តាំ។ នៅពេលនេះ កូនសត្វខ្ទីងនេះត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីសង្គ្រោះជីវិត និងព្យាបាលជំងឺ។ ប្រសិនបើមិនមានការជួយ សង្គ្រោះទាន់ពេលវេលាទេ កូនសត្វខ្ទីងដែលបែកហ្វូងពីមេរបស់វានេះអាចនឹងស្លាប់បាត់បង់ជីវិត។ កូនសត្វខ្ទីងនេះជាប់អន្ទាក់នៅទីតាំងជាមួយគ្នា ដែលសត្វខ្ទីងមួយក្បាលដែលបានជាប់អន្ទាក់និងក្រុមការងារជួយសង្គ្រោះកាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែបានស្លាប់។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ប្រជាសហគមន៍បានទាក់ទងក្រុមការងារសង្គ្រោះសត្វព្រៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលបានសហការជាមួយមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្សនៅតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ ក្រោយបានឃើញវាជាប់អន្ទាក់ព្រាន។ ភ្លាមៗ ក្រុមការងារសង្គ្រោះសត្វព្រៃបានចុះអន្តរាគមន៍ ដោយបានធ្វើដំណើរេយៈចម្ងាយជាង ១៣០ គីឡូម៉ែត្រពីភ្នំពេញទៅកន់ទីតាំងដែលបានរាយការណ៍ដោយធ្វើដំណើរទាំងតាមរថយន្តផង និងតាមគោយន្តកន្ត្រៃផង និងដើរដោយថ្មើរជើងផង ទម្រាំនឹងដល់ទីតាំង ហើយក្រុមការងារបានធ្វើការសង្គ្រោះកូនសត្វខ្ទីងនេះ និងបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីព្យាបាល។ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសម្តែងអំណរគុណដល់ក្រុមការងារ ៧នសង្គ្រោះសត្វព្រៃ អង្គការ WA ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសង្គ្រោះកូនសត្វខ្ទីង ដែលជាប្រភេទសត្វកម្រនៅលើពិភពលោកនេះ ក៏ដូចជាសត្វព្រៃផ្សេងទៀត។ ឯកឧត្តមបានថ្លែងថា អង្គការ WA រួមនឹងសហគមន៍តំបន់ការពារធម្មជាតិក្នុងតំបន់ជួរភ្នំក្រវ៉ាញ បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយក្រសួងបរិស្ថានក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅតាមតំបន់ការពារធម្មជាតិក្នុងតំបន់ជួរភ្នំក្រវ៉ាញបានយ៉ាងល្អប្រសើរ។ ឯកឧត្តម នេត្រ ភក្ត្រា បានកត់សម្គាល់ថា ប្រជាសហគមន៍ដែលបានឃើញសត្វជាប់អន្ទាក់ស្វែងរកកិច្ចអន្តរាគមន៍ដើម្បីជួយសង្គ្រោះសត្វបានបង្ហាញពីការយល់ដឹង ពីសារៈសំខាន់នៃជីវៈចម្រុះ និងការចូលរួមអភិរក្សសត្វព្រៃឱ្យបានគង់វង្ស។ ក្រសួងបរិស្ថាននិងអង្គការដៃគូផ្នែកអភិរក្សនឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធ្វើយុទ្ធនាការអន្ទាក់សូន្យដើម្បីបង្កើនការយល់ដឹងកាន់តែច្រើនថែមទៀតក្នុងចំណោមសាធារណជន និងការចូលរួមការពារនិងអភិរក្ស។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា អន្ទាក់និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ជារៀងរាល់ថ្ងៃដែលចាំបាច់ត្រូវទប់ស្កាត់និងបង្ក្រាបកុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។ អន្ទាក់ជាច្រើនម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងរួមនឹងកាំភ្លើងកែច្នៃជាច្រើនរយ ត្រូវបានដកហូត រឹបអូសរយពពេលកន្លងទៅ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា សត្វខ្ទីងជាប្រភេទសត្វកម្រ ដែលងាយទទួលរងការគំរាមកំហែងយ៉ាងខ្លាំង។ សត្វខ្ទីងនៅលើពិភពលោកមានចំនួនប្រមាណ ២១,០០០ ក្បាលដែលរស់នៅក្នុងប្រទេស ឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍។ សត្វខ្ទីងញីអាចមានទម្ងន់រហូតដល់ជិត១តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់១តោនកន្លះ។ ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេសគឺការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។ ដើម្បីចូលរួមការពារនិងអភិរក្សសត្វព្រៃជាពិសេសសត្វព្រៃកម្រៗនៅលើពិភពលោកដែលមានវត្ត មាននៅកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការបរិភោគ សាច់សត្វព្រៃ និងកុំជឿថាបរិភោគសាច់សត្វព្រៃផ្តល់នូវសុខភាពល្អ។ ជាមួយគ្នានេះ សមត្ថកិច្ចពាក់ព័ន្ធនឹង អនុវត្តច្បាប់ប្រឆាំងនឹងជនល្មើសសម្លាប់សត្វដោយមិនលើកលែងឡើយ។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងសូមនិយាយថា ទេចំពោះការជួញដូរសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងចូលរួមរាយការណ៍ប្រាប់សមត្ថកិច្ច ប្រសិនបើឃើញមានការបរបាញ់សត្វ ការដាក់អន្ទាក់ចាប់សត្វ និងចូលរួមបណ្តុះស្មារតីក្មេងៗជំនាន់ក្រោយស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃដើម្បីផលប្រយោជន៍ សម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ បង្កើនចំណូលប្រជាសហគមន៍មូលដ្ឋាន កាត់បន្ថយនិងលុបបំបាត់របរ ចូលព្រៃកាប់ឈើនិងបរបាញ់សត្វ ឬដាក់អន្ទាក់ចាប់សត្វដែលប្រជាពលរដ្ឋមួយចំនួនកំពុងប្រកបរបរដែលប្រឈមនឹងមុខច្បាប់នេះ៕ សម្រួលដោយ ទៀង បុណ្ណរី