កម្ពុជានាំចេញកសិផលមានបរិមាណសរុប ជាង៨លានតោន ក្នុងរយៈពេល១១ខែឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជាបាននាំចេញកសិផល ​និងផលិតផលកែច្នៃចេញពីកសិកម្ម ​ប្រមាណ ៨,២ លានតោន ក្នុងរយៈពេល១១ខែឆ្នាំ២០២២ ​ទៅកាន់ទីផ្សារអន្តរជាតិ​ មានដូចជាទីផ្សារប្រទេសចិន អឺរ៉ុប និងអាស៊ី។ របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ​ចេញផ្សាយកាលពីថ្ងៃទី៥ ខែមករា បាន​បង្ហាញថា ការនាំចេញកសិកផលទៅកាន់ប្រទេសចិន ​មានបរិមាណសរុប ​៦៨៩ ៧០២តោន និង​ទីផ្សារអឺរ៉ុប ១៨៦ ៨៩៧ តោន ​និងទីផ្សារអាស៊ី ៤,២លានតោន។ កសិផលសំខាន់​ នាំចេញទៅទីផ្សារប្រទេសចិន មានដូចជា​ គ្រាប់ស្វាយចន្ទីឆៅ ​ម្រេច ថ្នាំជក់ គ្រាប់​ស្វាយចន្ទីកែច្នៃ ​គ្រាប់ពោត ​កាកសំណល់ដំឡូងមី​ ដំណាប់ស្វាយ ​ចំណិតដំឡូងមី ​ផ្លែស្វាយស្រស់ ម្សៅ​ដំឡូងមី​ អង្ករ និងផ្លែចេកស្រស់​។ ចំណែកទីផ្សារអឺរ៉ុប កម្ពុជា នាំចេញ​កសិផលដូចជា ​គ្រាប់ស្វាយចន្ទីកែច្នៃ ថ្នាំជក់ បន្លែចំរុះ ដំណាប់​ស្វាយ ម្រេច ម្សៅដំឡូងមី​ អង្ករ ជាដើម។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ​មាន​មហិច្ឆិតាខ្ពស់ ពង្រឹង​ឧត្តមភាព​សម្រាប់​ការ​ប្រកួត​ប្រជែង​ និង​មាន​យុទ្ធសាស្ត្រជំរុញការ​នាំចេញផលិតផល​ដែលមាន​គុណភាពខ្ពស់ និង​លក់បានតម្លៃខ្ពស់ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ លើកឡើងនៅ​ក្នុង​សន្និសីទសារព័ត៌មាន ​ស្តីពីទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា នៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៣ នេះ ​ចំពោះទីផ្សារនាំចេញ ​ក្រសួងក៏មានទស្សនទានជាយុទ្ធសាស្ត្រ គឺជំរុញការ​នាំចេញ​ផលិតផលដែលមានគុណភាពខ្ពស់ និងលក់បានតម្លៃខ្ពស់ ឬហៅថា​ ផលិតផលគន្លឹះ ឬផលិត​ផលប្រណិត។ កម្ពុជាមិនអាច មិនត្រូវប្រកួតប្រជែងជាមួយប្រទេសជិតខាង ដោយផ្អែកលើបរិមាណ និងតម្លៃទាបនោះទេ ដោយសារកត្តាថ្លៃដើមខ្ពស់ ​ទាំងក្នុងការផលិត និងដឹកជញ្ជូន។ ឯកឧត្តម បញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ ក្រសួងកសិកម្ម ត្រូវទទួលបន្ទុករៀបចំប្រព័ន្ធ​ផលិតកម្ម​កសិកម្មមួយដែលមានប្រសិទ្ធភាពខ្ពស់ ​និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារ ទាំងបរិមាណ ​និងគុណភាព, ​នោះគឺជាប្រព័ន្ធផលិតកម្មដែលមានការចូលរួមសហការ និង​អនុវត្តរួមគ្នាពីគ្រប់តួអង្គទាំងអស់ ​ដោយមានយន្តការគ្រប់គ្រង ​និងសម្របសម្រួលច្បាស់លាស់ ហើយ​តាមរយៈនេះ រដ្ឋនឹងដើរតួនាទីច្រើនជាងមុន​ ដើម្បីផ្ដល់ការគាំទ្រ ​និងសម្របសម្រួល សំដៅ​អនុវត្តផែនការផលិតកម្ម​ម៉ត់ចត់ ​ដែលឆ្លើយតបទៅនឹងទីផ្សារ ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង