រដ្ឋមន្ត្រី ថោង ខុន ផ្ដាំនិស្សិតដែលទៅសិក្សានៅនូវែលសេឡង់ជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដាំផ្ញើដល់និស្សិតកម្ពុជាដែលទៅសិក្សានៅប្រទេសនូវែលសេឡង់ ក្រៅពីខិតខំប្រឹងប្រែងសិក្សាឱ្យបានពូកែ ក៏សូមជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ជាតិ ព្រមទាំងកត្តាសន្តិភាព ការអភិវឌ្ឍក្នុងប្រទេស ដើម្បីរួមចំណែក្នុងការទាក់ទាញភ្ញៀវទេសចរពីប្រទេសភាគខាងត្បូងនោះ។ ការផ្ដាំផ្ញើយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងអនុញ្ញាតឱ្យនិស្សិតកម្ពុជាចំនួន១៦រូបដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលនូវែលសេឡង់ ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ នាថ្ងៃទី៦ ខែមករឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។ នាឱកាសនោះ លោក ពុត សុភ័គ តំណាងក្រុមនិស្សិតខាងលើបានរាយការណ៍ថា ការទទួលបានអាហារូបករណ៍នេះ គឺធ្វើឡើងតាមរយៈក្រោមជំនួយរបស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ លោក ពុត សុភ័គ បានបន្តថា និស្សិតជ័យលាភីទាំង១៦រូបនេះ គឺជាមន្ត្រីបម្រើការនៅស្ថាប័នរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដូចជា ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទីស្ដីការគណៈរដ្ឋមន្ត្រី សាលា ACE ធនាគារអភិវឌ្ឍន៍អាស៉ី-ប៉ាស៊ីហ្វិក អង្គការទស្សនពិភពលោក អង្គការមូលនិធិអាស៊ី និងអង្គការអ្នកត្រួសត្រាយនៃកម្ពុជា។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានផ្ដាំផ្ញើដល់និស្សិតកម្ពុជាដែលទៅសិក្សានៅប្រទេសនូវែលសេឡង់ទាំង១៦រូប សូមជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ សន្តិភាព ការអភិវឌ្ឍនៅកម្ពុជា ដើម្បីរួមចំណែក្នុងការទាក់ទាញភ្ញៀវទេសចរពីប្រទេសភាគខាងត្បូងនោះ។ លោក ថោង ខុន បានបន្តថា បច្ចុប្បន្នកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិ ពិសេសរាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានភាពកូវីដ១៩បានយ៉ាងល្អប្រសើរ ប្រជាជនមានភាពរួសរាយរាក់ទាក់ ហើយមានគោលដៅទេសចរណ៍សម្រាប់លេងកម្សាន្តច្រើន ខណៈចលនាទេសចរណ៍ក្នុងស្រុកកំពុងបន្តងើបឡើង ដែលជាសញ្ញាគួរឱ្យជឿទុកចិត្តពីសំណាក់ភ្ញៀទេសចរមកពីក្រៅប្រទេស។ លោកបានបញ្ជាក់ថា កម្ពុជាកំពុងផ្សព្វផ្សាយពីឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣ Visit Cambodia 2023 និងកំពុងត្រៀមខ្លួនឆ្ពោះទៅការរៀបចំព្រឹត្តិការកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំ។ លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំឱ្យនិស្សិតថា ទោះបីសិក្សានៅប្រទេស តែនិស្សតិកម្ពុជាយើងក៏ត្រូវចូលរួមគិតគូរពីកិច្ចអភិវឌ្ឍប្រទេសជាតិ ចូលរួមចំណែកជាកម្លាំងកសាងជាតិកម្ពុជា ខណៈនៅក្នុងប្រទេសមានធនធានមនុស្សច្រើនហើយក៏ដោយ តែក៏នៅមិនទាន់គ្រប់នោះដែរ គឺតែងត្រូវការរៀងរាល់ពេល។ លោកបានបន្តណែនាំឱ្យគ្រប់គ្នាចូលរួមថែរក្សាសន្តិភាព និងសមិទ្ធផលដែលរាជរដ្ឋាភិបាលបានខិតខំកសាង ព្រោះសន្តិភាពនេះហើយដែលបានធ្វើឱ្យប្រជាជនមានឱកាសកសាងសេដ្ឋកិច្ច សង្គម និស្សិតមានឱកាសបន្តការសិក្សា កសាងធនធានមនុស្ស តួយ៉ាងដូចជាឱកាសដែលក្រុមនិស្សិតបានបន្តការសិក្សានៅក្រៅប្រទេសនេះ ក៏អាស្រ័យលើកត្តាសន្តិភាពដែរ។ គួរជម្រាបថា ក្រុមនិស្សិតទាំង១៦រូបខាងលើនឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១-២ឆ្នាំ នៅដើមឆ្នាំ២០២៣ ដោយផ្ដោតលើជំនាញអាទិភាពចំនួន៩មុខ រួមមាន៖ ១. អាជីវកម្មប្រកបដោយចីរភាព ២. វិជ្ជាជីវៈគណនេយ្យ ៣. វិទ្យាសាស្ត្រកសិកម្ម ៤. គោលនយោបាយសាធារណៈ ៥. ទំនាក់ទំនងអន្តរជាតិ ៦. សុខភាពសាធារណៈ ៧. សិក្សាច្បាប់ ៨. គ្រប់គ្រងសំណង់ និង៩. បង្រៀនភាសាអង់គ្លេស។ ការសិក្សាតាមរយៈអាហារូបករណ៍នេះ គឺនៅសាកលវិទ្យាល័យចំនួន៤ រួមមាន៖ Victoria University of Wellington, University of Auckland,Auckland University of Technology and Lincoln University៕