អាជ្ញាធរចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយកន្លែង ក្របួចបានតែវត្ថុតាង

ក្រចេះ៖ នាទីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត បានចុះបង្រ្កាប កន្លែងលេងល្បែងបៀ១កន្លែង ស្ថិតនៅចំណុចក្រោមដើមស្វាយក្រោយផ្ទះរបស់ឈ្មោះ នៅ ប្រុស អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ ហែន ណា អាយុ៤៥ឆ្នាំ នៅភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ…។ បើតាមសមត្ថកិច្ចចុះទៅបង្ក្រាបផ្ទាល់ បានឱ្យដឹងថា ម្ចាស់ផ្ទះខាងលើនេះ តែងលបលួចបើកល្បែងស៊ីសងខុសច្បាប់ដូចជាបៀ ឬអាប៉ោង ដោយមានប្រជាពលរដ្ឋក្នុងភូមិ និងក្រៅភូមិនាំគ្នាមកលេងល្បែងស៊ីសងជារៀងរាល់ថ្ងៃ ទើបមានប្រជាពលរដ្ឋក្បែរខាង រាយការណ៍ទៅសមត្ថកិច្ចឱ្យមកចុះបង្ក្រាបតែម្ដង។ ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត ចុះមកពិនិត្យជាក់ស្តែង ប៉ុន្តែគួរឱ្យស្ដាយជនសង្ស័យជាអ្នកលេងល្បែងស៊ីសងខុសច្បាប់មយយក្រុម និងម្ចាស់ផ្ទះ បានណាំគ្នារត់ចោលលុយដែលកំពុងលេង និងមធ្យោបាយធ្វើដំណើរ ដូចជាម៉ូតូនៅនឹងកន្លែង។ សមត្ថកិច្ចបន្តថា ចំពោះសម្ភារៈវត្ថុតាង ដែលអាជ្ញាធរសមត្ថកិច្ចចម្រុះចុះប្រមូលបាននៅកន្លែងលេងរួមមាន៖ ម៉ូតូចំនួន០៣គ្រឿង បៀចំនួន០៦ហ៊ូ កម្រាលភួយចំនួន០៣ ស្បែកជើងចំនួន០៣គូ លុយចំនួន១៧៥០០៛(មួយម៉ឺនប្រាំពីរពាន់រៀល) និងកៅអីជ័រចំនួន០៥។ ចំពោះ សម្ភារៈ និងវត្ថុតាងខាងលើ អាជ្ញាធរបានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកចិត្របុរីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ…៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង