កម្ពុជាត្រៀមស្វាគមន៍ទេសចរចិន ដោយពុំមានតម្រូវលក្ខខណ្ឌផ្នែកសុខាភិបាល

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ​កម្ពុជាមិនមានការរឹតត្បិតផ្នែក​សុខាភិបាលទៅ​លើ​ទេសចរចិនមកទស្សនាកម្ពុជា និង​បានត្រៀមរួចជាស្រេច​ក្នុងការ​ទទួល​ទេសចរចិន ក៏ដូចទេសចរ​អន្តរជាតិ​ដទៃទៀតដែរ។ ថ្លែងប្រាប់ព័ត៍មានក្នុងស្រុកនៅថ្ងៃទី៦ខែមករានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានលើក​កម្ពុជា​មិនមានការរើសអើងលើទេសចរបរទេសនោះឡើយ។ ​កម្ពុជា​ បើកទ្វារទទួលស្វាគមន៍​ទេសចរចិន​មកទស្សនាកម្ពុជា ​ហើយរំពឹងថា ទេសចរចិនមកទស្សនាកម្ពុជា ​នឹងកើនដល់ ២លាននាក់ ​នៅឆ្នាំ២០២៣នេះ។ រដ្ឋាភិបាលចិន បានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស ​និងការបើកទទួល ទេសចរអន្តរជាតិឡើងវិញ ​ដែលនេះ នឹងផ្ដល់នូវកាលានុវត្តភាពដល់បណ្ដាប្រទេសជា​គោលដៅ​ទេសចរណ៍​នៅលើពិភពលោក រួមទាំងកម្ពុជា ​ក្នុងការស្វាគមន៍ទទួល​ទេសចរចិន​ឡើងវិញ ក្រោយស្ថានការកូវីដ១៩ ពិភពលោក ​បាននិងកំពុងធូរស្រាល។ ឯកឧត្តម ថោង ខុន បន្តថា នៅក្នុងដំណើរការត្រៀមទទួលទេសចរចិន កម្ពុជាបានបង្កើត​ក្រុម​ការងារ​មជ្ឈមណ្ឌល China-Ready Center ការបណ្តុះបណ្តាលភាសារ និងវប្បធម៌ចិនដល់មន្ត្រី និង​បុគ្គលិក ពង្រឹង​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសាចិន ​ទាក់ទាញអ្នកវិនិយោគចិន ហេដ្ឋារចនា​សម្ព័ន្ធ​គាំទ្រ​នានា និងពង្រឹងគុណភាពលើគ្រប់សេវាកម្មទេសចរណ៍ត្រៀម​ទទួលទេសចរចិន ​ដូចគ្នានឹង​ទេសចរ​អន្តរជាតិដទៃទៀតដែរ។ យ៉ាងក៏ដោយ បើតាមឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ីវិល ថ្លែងថា រហូតមកដល់ខែមករា ​ឆ្នាំ២០២៣នេះ បណ្តាក្រុមហ៊ុន​អាកាសចរចិន​បានពង្រីកការហោះហើរកម្ពុជា-ចិន កើនដល់៦០ជើងក្នុង១សប្តាហ៍៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង