ព្យុះនិងភ្លៀងធ្លាក់ខ្លាំងវាយប្រហាររដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក ផ្តាច់ជីវិតមនុស្ស២នាក់
វ៉ាស៉ីនតោន៖ ខ្យល់ព្យុះមកពីតំបន់ប៉ាស៊ីហ្វិកបានបក់បោកយ៉ាងខ្លាំង ដែលនាំមកនូវភ្លៀងធ្លាក់ជោគជាំ និងព្រិលធ្លាក់ នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចូលដល់ថ្ងៃទី ២ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយបានផ្តាច់ចរន្តអគ្គិសនី សម្រាប់ផ្ទះរាប់ម៉ឺនខ្នង និងរំខានដល់ការធ្វើដំណើរតាមដងផ្លូវ ជាមួយនឹងទឹកជំនន់ភ្លាមៗ បាក់ផ្ទាំងថ្ម និងដើមឈើដួលរលំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។ យ៉ាងហោចណាស់មានមនុស្សពីរនាក់ ត្រូវបានគេរាយការណ៍ថាស្លាប់ ដែលម្នាក់ក្នុងចំណោមពួកគេគឺជាកុមារដែលទើបចេះដើរ ដោយសារតែដើមឈើធ្លាក់សង្កត់លើផ្ទះចល័តមួយកន្លែង នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។ ព្យុះចាប់ផ្តើមថយចុះឥទ្ធិពលបន្តិច កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) ប៉ុន្តែព្យុះអាចនឹងកើតឡើងមានច្រើនទៀតក្នុងពេលឆាប់ៗនេះ។ តំបន់សាន់ហ្វ្រាន់ស៉ីស្កូ បេ (San Francisco Bay) ទីក្រុងសាក្រាមិនតូ (Sacramento) នៃរដ្ឋកាលីហ្វ័រញ៉ា និងតំបន់ជុំវិញនោះ នៅតែងើបឡើងវិញពីការខូចខាតដោយទឹកជំនន់ធ្ងន់ធ្ងរ។ មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ NWS ក្នុងរដ្ឋម៉ារីលេន (Maryland) បានឲ្យដឹងថា ព្យុះលើកចុងក្រោយនេះបានបំផ្លិចបំផ្លាញទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដោយភ្លៀងធ្លាក់កម្ពស់ ៥១មីលីម៉ែត្រ និងនៅបណ្តោយឆ្នេរសមុទ្រភាគខាងជើង និងខាងត្បូង ជាដើម។ ចំណែកឯ ទីក្រុងសៀរ៉ាស់ (Sierras) មានព្រិលធ្លាក់កម្រាស់ ០,៣ម៉ែត្រ ឬច្រើនជាងនេះ។ គួរបញ្ជាក់ថា ការផ្ទុះឡើងនូវអាកាសធាតុដ៏អាក្រក់ចំរដូវរងាខាងលើនេះ គឺបានកើតឡើងជាលើកទី៣ហើយ និងមានកម្លាំងខ្លាំងក្លាបំផុត ដែលវាយលុករដ្ឋកាលីហ្វ័រញ៉ា ចាប់តាំងពីដើមសប្តាហ៍មុន។ មានការព្យាករពីខ្យល់ព្យុះចំនួន២ ដែលនឹងត្រឡប់មកវិញ នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕