ល្អាងស្ពាន ជាទីតាំងស្ថានីយបុរេប្រវត្តិសាស្ត្រតែមួយគត់នៅកម្ពុជា ដែលមានវត្ថុបុរាណសម័យថ្មរំលីងមានអាយុជាង១ម៉ឺនឆ្នាំមុនគ្រឹះសករាជ
ខេត្តបាត់ដំបង៖ ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ជាឈ្មោះរូងភ្នំថ្មកំបោរមួយ ដែលមានទីតាំងស្ថិតនៅក្នុងភ្នំទាក់ទ្រាំង ភូមិគីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល និងមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីទីរូមខេត្តបាត់ដំបង តាមបណ្តោយផ្លូវលេខ៥៧ ឆ្ពោះទៅខេត្តប៉ៃលិន…។ បើតាមលោក ហម អារុណ ប្រធានការិយាល័យឧស្សាហកម្ម ទេសចរណ៍ខេត្ត បានឱ្យដឹងថា ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាននេះ ត្រូវបានរកឃើញ និងត្រូវបានធ្វើកំណាយលើកដំបូង ដោយលោកស្រី សេស៊ី ម៉ូរ៉េ និងលោក រ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស១៩៦០។ បន្ទាប់មកការស្រាវជ្រាវបានអាក់ខានជាង៤០ឆ្នាំ។ លុះដល់ឆ្នាំ២០០៩ ទើបមានការស្រាវជ្រាវបន្ត ដែលធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិនៃប្រទេសបារាំង ដែលមានលោក ហេង សុផាឌី និងលោក អ៊ូប៊ែរ ហ្វ័ររេទីយ៉េ ជាអ្នកដឹកនាំ។ ការធ្វើកំណាយជាហូរហែរកន្លងមក បានរកឃើញវត្ថុបុរាណជាច្រើនដូចជា៖ ឧបករណ៍ថ្មបំបែក, ថ្មរំលីង, ភាជន៍, គ្រឿងលម្អកាយ (អង្កាំ និងកងដៃធ្វើពីថ្ម និងបន្តោងខ្សែ-ក ធ្វើពីចង្កូមសត្វ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសពបុរាណ។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា «លទ្ធផលវិភាគលើវត្ថុបុរាណបានពីកំណាយ បង្ហាញថា ស្ថានីយល្អាងស្ពាន មានមនុស្សមកតាំងទីលំនៅ បីដំណាក់កាលផ្សេងគ្នា ដែលរួមមាន៖ ទី១/. សម័យថ្មបំបែក មានអាយុកាលប្រហែល៧១០០០ឆ្នាំ មុនគ្រឹះសករាជ, ទី២/. វប្បធម៌ហាវប៊ីនញៀន មានអាយុចន្លោះពី១១០០០ ដល់៥០០០ឆ្នាំមុនគ្រឹះសករាជ, និងទី៣/. គឺសម័យថ្មរំលីង មានអាយុប្រហែល៣០០០ឆ្នាំមុនគ្រឹះសករាជ ដោយគេបានយកល្អាងស្ពាន ជាកន្លែងបញ្ចុះសព»។ កាលប្រវត្តិទទួលបាននាពេលនេះ គឺធ្វើឡើងតាមវិធីសាស្ត្របីផ្សេងៗគ្នា ដូចជា៖ (14C, OSL, U-Th) ទៅលើស្រទាប់ដីផ្សេងៗគ្នា ចាប់ពីផ្ទៃខាងលើ រហូតដល់ជម្រៅ៥ម៉ែត្រ។ រហូតមកទល់ពេលនេះ ល្អាងស្ពានជាស្ថានីយបុរេប្រវត្តិសាស្ត្រតែមួយគត់នៅប្រទេសកម្ពុជា ដែលប្រទះឃើញឧបករណ៍ថ្មនៃវប្បធម៌ហាវប៊ីនញៀនច្រើនប្រភេទ ហើយស្ថិតក្នុងស្រទាប់ដីជាក់លាក់។ ផ្អែកលើកាលប្រវត្តិ បរិមាណ និងលក្ខណៈ នៃឧបករណ៍ ថ្ម ទាំងនោះ ជួយឱ្យយើងយល់បានកាន់តែប្រសើរពីបច្ចេកទេសនៃការផលិតឧបករណ៍ ថ្ម វប្បធម៌ បរិស្ថាន និងបរិបទទូទៅនៃវប្បធម៌ហាវប៊ីនញៀន ព្រមទាំងទំនាក់ទំនងជាមួយសង្គមអ្នកបរបាញ់ និងប្រមូលអនុផលព្រៃឈើ ដទៃទៀត នៅតំបន់អាស៊ីអាគ្នេយ៍ដីគោក៕ សម្រួលដោយ ទៀង បុណ្ណរី