សន្តិសុខសង្គមប៉ូលិសក្រសួងមហាផ្ទៃម្នាក់លួចបើកល្បែងស៊ីសង ក្នុងស្រុកព្រៃកប្បាស ខណៈអធិការស្រុក ថា អត់ដឹង
មិនស្ងាត់នោះទេ ក្រោយស្បើយពីល្បែងលេងភ្នាល់តាមអនឡាញមួយរយៈនេះ នៅស្រុកព្រៃកប្បាស ក្នុងឃុំស្នោរ បែរលេចមុខលេងភ្នាល់មាន់ជល់ និងលេងអាប៉ោង ដែលមានអ្នកញៀនល្បែងចូលលេងហ៊ោរកញ្ច្រៀវសឹងតែពលរដ្ឋរកពេលដេកពួនមិនបាន។ ពលរដ្ឋនៅក្បែរទីតាំងដែលគេនាំគ្នាលេងល្បែងភ្នាល់នេះបញ្ជាក់ថា បើកលេងជារៀងរាល់ថ្ងៃ និងមានមនុស្សមកលេងយ៉ាងច្រើនកុះករដូចហែរកឋិន ទាំងអ្នកក្នុងភូមិ និងអ្នកក្រៅភូមិ ដោយមិនដែលឃើញសមត្ថកិច្ចណាចុះមកបង្ក្រាបនោះទេ។ ចំពោះអ្នកដែលហ៊ានបើកទីតាំងលេងល្បែងជល់មាន់ និងអាប៉ោងនេះ បើតាមប្រភពច្បាស់ការបង្ហើបថា ជាមន្ត្រីប៉ូលីសនៅក្រសួងមហាផ្ទៃ ទើបបានជាមិនខ្លាចញញើតនឹងច្បាប់ ពិសេសអាជ្ញាធរមូលដ្ឋានសោះ។ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានអោយដឹងថា លោកអត់បានដឹងនៅមូលដ្ឋានឃុំស្នោរនេះ មានគេលេងល្បែងជល់មាន់ និងអាប៉ោងទេ។ លោកថា នឹងអោយកម្លាំងចុះទៅពិនិត្យហើយបើមានមែនលោកនឹងអោយគេធ្វើកិច្ចសន្យាបញ្ឈប់តែម្តង។ ប្រជាពលរដ្ឋនៅស្រុកព្រៃកប្បាសសុំធ្វើការសំណូមពរទៅអាជ្ញាធរមានសមត្ថកិច្ច ពិសេសលោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស់ សុំមានវិធានការណ៍ក្តៅបង្ក្រាបទៅលើវង់ល្បែងក្នុងមូលដ្ឋានផង ដូចជាករណីល្បែងស៊ីសងក្នុងឃុំស្នោរនេះជាដើម៕ សម្រួលដោយ ទៀង បុណ្ណរី