អគ្គលេខាធិការព្រឹទ្ធសភា អំពាវនាវនិស្សិតសិក្សានៅណូវែលសេឡង់ បង្ហាញសក្ដានុពលកម្ពុជា ដើម្បីទាក់ទាញទេសចរណ៍

ភ្នំពេញ៖ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាការព្រឹទ្ធសភាជាតិ បានអំពាវនាវទៅសិស្សនិស្សិត ដែល បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសណូវែលសេឡង់ បង្ហាញពី​សក្ដានុពល​នានា របស់ កម្ពុជា​ ទៅកាន់បរទេស ​ដើម្បីឲ្យពួកគេមកទេសចរណ៍កម្សាន្ត ​នៅក្នុងប្រទេសកម្ពុជា ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍​ នូវែលសេឡង់ មានថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ​និងថ្នាក់បណ្ឌិត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុ សារឹទ្ធ បាន​បង្ហាញនូវការកោតសរសើរ ​ចំពោះសិស្សនិស្សិតជាប់អាហារូបករណ៍ ​ទាំងអស់នេះ ដែលទទួល​បាន​នូវចំណេះដឹងថ្មីៗ ​ដើម្បីពង្រឹងសមត្ថភាពខ្លួន សម្រាប់ជាមូលដ្ឋាន​ ក្នុងការអភិវឌ្ឍខ្លួនផង និង​ប្រទេសជាតិ ​ហើយជាងនេះទៀត​ គឺជាការរួមចំណែកក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការល្អ រវាង​ប្រទេសទាំងពីរកម្ពុជា​ និងប្រទេសនូវែលសេឡង់ផងដែរ ។ ឯកឧត្តមបន្តថា ​រឿងមួយដែលនិស្សិតចាំបាច់ធ្វើ ​គឺត្រូវគោរពច្បាប់ប្រទេស ​ច្បាប់សាលា ឲ្យបាន​ខ្ជាប់ខ្ជួន ​ដើម្បីបង្ហាញអំពីសេចក្តីថ្លៃថ្នូរ ក្នុងនាមជាកូនខ្មែរ ​ឲ្យក្រុមនិស្សិតដែលមកពី បណ្តា​ប្រទេសនានា​បានឃើញ ត្រូវសម្របខ្លួនរៀនរស់នៅ ​រៀនទំនាក់ទំនងជាមួយនឹងពលរដ្ឋ ខ្មែរ ដែល​រស់នៅក្នុងប្រទេសណូវែលសេឡង់ និងនិស្សិតផ្សេងៗទៀត ​កំពុងសិក្សានៅទីនោះ ស្រាប់ ព្រមទាំង​ផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ការអភិវឌ្ឍថ្មីៗ ​របស់ប្រទេសកម្ពុជានាពេល ​បច្ចុប្បន្ន ដើម្បី​ទាក់ទាញ​ឲ្យពួកគាត់មកធ្វើទេសចរណ៍នៅប្រទេសកម្ពុជា ។ ឯកឧត្តមអគ្គលេខាធិការ បានផ្តាំផ្ញើដល់និស្សិតទាំងអស់​ ទោះជាត្រូវទៅសិក្សានៅសាលា ផ្សេងៗគ្នា​ក៏ពិតមែន ប៉ុន្តែត្រូវចេះសាមគ្គីភាពផ្ទៃក្នុង ​សហការគ្នា ​ទំនាក់ទំនងគ្នា​ និងចេះជួយយក អាសារគ្នា​ទៅវិញទៅមក ក្នុងនាមជាខ្មែរដូចគ្នា ដូចសុភាសិតខ្មែរយើងពោលថា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយជាមួយ ។ គួរបញ្ជាក់ថា អាហារូបករណ៍របស់រាជរដ្ឋាភិបាល ​នៃប្រទេសនូវែលសេឡង់ ​គឺត្រូវបា​គ្រប់គ្រង និងចាត់ចែង​ដោយក្រសួងការបរទេស ​និងពាណិជ្ជកម្ម (MFAT)​ នូវែលសេឡង់ ដើម្បី ជួយគាំទ្រ​ដល់និស្សិតទូទាំងពិភពលោក ក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ​ថ្នាក់បរិញ្ញាបត្រ ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ហើយសិស្សនិស្សិតអន្តរជាតិប្រហែល ១០០០នាក់​ ត្រូវបានជ្រើសរើស ឲ្យមកធ្វើការ​សិក្សានៅក្នុងប្រទេសនូវែលសេឡង់​ ជារៀងរាល់ឆ្នាំ​ ដោយសិស្សនិស្សិតភាគច្រើន មកពីតំបន់​ប៉ាស៊ីហ្វិក ​អាស៊ី អាហ្រ្វីក​ អាមេរិកឡាទីន ​និងតំបន់ការីប៊ីន ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង