មន្ត្រីរដ្ឋបាលជលផលទិន្នផលនេសាទត្រី សម្រាប់ធ្វើត្រីប្រហុកមានការថយចុះបន្តិច តែមិនទាន់បញ្ចប់នៅឡើយទេ
មន្ត្រីរដ្ឋបាលជលផល បានឲ្យដឹងថា នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣នេះ ទិន្នផលនេសាទត្រី សម្រាប់ធ្វើត្រីប្រហុកមានការថយចុះបន្តិច បន្ទាប់ពីមានការកើនឡើងកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ។ តែយ៉ាងណាក៏ដោយ ប្រជានេសាទនៅតែអាចបន្តការធ្វើនេសាទបាន ហើយអ្នកដែលចង់ធ្វើត្រីប្រហុកក៏អាចបន្តធ្វើបាននៅឡើយ។ លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣នេះថា ការនេសាទត្រីប្រហុក និងការធ្វើត្រីប្រហុក មិនទាន់ការបញ្ចប់ទេ មកទល់នឹងថ្ងៃអង្គារនេះ គ្រាន់តែទិន្នផលត្រីមានការថយចុះប៉ុណ្ណោះ។ លោក អ៊ឹង ទ្រី បានឲ្យដឹងយ៉ាងដូច្នេះថា «គេអត់និយាយរឿងបញ្ចប់ គឺអត់បញ្ចប់ទេ ព្រោះអីនេះស៊ីសងត្រីវាឡើងដល់ត្រឹមណា ជាទូទៅខ្នើតហ្នឹងវាមានតែ ៣ថ្ងៃទេ ដែលវាត្រូវច្រើនជាងគេ អញ្ចឹងគឺខ្នើតហ្នឹងវាចាប់ផ្ដើមតាំងពីថ្ងៃនេះហ្នឹង (២៩ ធ្ន ២០២២) ឥឡូវនេះ ថ្ងៃនេះ ហាក់ដូចជាត្រីរាងថយចុះហើយ អញ្ចឹងត្រីប្រហុក មួយខ្នើតវាត្រូវ ៣ថ្ងៃហ្នឹង អាហ្នឹងគេហៅថា ដល់កំពូលតែប៉ុណ្ណឹងឯង»។ លោកអនុប្រធានរដ្ឋបាលជលផល បានឲ្យដឹងបន្តថា មកដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣នេះ ប្រជានេសាទ នៅតែអាចបន្តនេសាទបាន និងអ្នកចង់ធ្វើត្រីប្រហុក នៅតែអាចបន្តធ្វើបានទៀត គ្រាន់តែទិន្នផលមានការថយចុះជាងមុន តែមិនមែនមានន័យថា ការនេសាទ និងការធ្វើត្រីប្រហុក ត្រូវបញ្ចប់នោះទេ។ លោក អ៊ឹង ទ្រី បានឲ្យដឹងទៀតថា សម្រាប់នៅខ្នើតក្រោយ ប្រសិនបើផ្ទៃមេឃស្រឡះល្អ មិនមានភ្លៀងធ្លាក់ទេនោះ ការនេសាទត្រីសម្រាប់ធ្វើប្រហុក នឹងត្រូវចាប់ផ្ដើមម្ដងទៀត។ សម្រាប់ខ្នើតដំបូងនារដូវនេសាទឆ្នាំ ២០២២-២០២៣នេះ ទិដ្ឋផលត្រីប្រហុក ឬផ្អក មានការកើនឡើងជាងឆ្នាំកន្លងទៅ។ រាជធានី-ខេត្ត ដែលអាចនេសាទត្រីប្រហុក និងធ្វើត្រីប្រហុកបាន រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, តាកែវ, និងខេត្តកំពង់ឆ្នាំង ជាដើម។ សូមជម្រាបថា កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២កន្លងទៅនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងថា ក្នុងរដូវនេសាទឆ្នាំ ២០២២-២០២៣ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃ ៧កើត ដល់ថ្ងៃ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ រដ្ឋបាលជលផល បានជម្រាបជូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញ មកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។ ទន្ទឹមនេះរដ្ឋបាលជលផល ក៏បានសំណូម ពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ សូមបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី