ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្រ្តាលី ដែលចប់អាណត្តិនៅកម្ពុជា

ភំ្នពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី មុននឹងបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងគោក។ ក្នុងជំនួបនេះ ឯកអគ្គរាជទូតអូស្រ្តាលី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ជាពិសេសការឧបត្ថម្ភគាំទ្រគ្នានៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩។ លោកក៏បានសម្តែងនូវការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យការពារជាតិ និយាយជារួម និងនិយាយដោយទ្បែកនៅកម្រិតកងទ័ពជើងនៃកងយោធពលខេមរភូមិន្ទ។ លើសពីនេះ លោក Pablo Kang ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះភាពកក់ក្តៅក្នុងរយៈពេលបំពេញបេសកម្មការទូត និងស្នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។ ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងបានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-អូស្រ្តាលី។ ចំពោះកិច្ចសហប្រតិបត្តិការយោធារវាប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគូសរំលេចអំពីដំណើរការទៅមុខកាន់តែល្អប្រសើរទ្បើងជាលំដាប់ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការផ្សារភ្ជាប់នូវទំនាក់ទំនងកាន់តែសកម្មជិតស្និទ្ធរវាងអង្គភាព និងអង្គភាព ជាពិសេសលើការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្ស។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះតួនាទី និងការចូលរួមចំណែកយ៉ាងសកម្មរបស់ លោកឯកអគ្គរាជទូត ក្នុងការសម្របសម្រួល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលី ឱ្យកាន់តែមានភាពស្និទ្ធស្នាល និងសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាក់ស្តែងជាច្រើនក្នុងអាណត្តិការទូតរយៈពេល ០៣ ឆ្នាំកន្លងមកនេះ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង