អគ្គិភ័យ​លេបត្របាក់ហាងលក់​សម្លៀកបំពាក់មួយកន្លែង ក្នុង​ប្រទេស​ម៉ាឡេស៊ី

អគ្គីភ័យលើកទីពីរបានឆាបឆេះនៅហាង Wisma Jakel នៅថ្ងៃអង្គារ ទី៣ ខែមករា បន្ទាប់ពីអគ្គីភ័យបានបំផ្លាញហាងប្រាំជាន់នៅថ្ងៃចូលឆ្នាំថ្មី។ ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះរបស់រដ្ឋ Selangor (JPBM) លោក Norazam Khamis បាននិយាយថា នាយកដ្ឋានបានទទួលការហៅទូរសព្ទពីឧប្បត្តិហេតុនេះនៅម៉ោង ១២​ និង៤០នាទីព្រឹក។ អ្នកពន្លត់អគ្គីភ័យសរុបចំនួន ៤៣នាក់ ត្រូវបានចល័តទៅកាន់កន្លែងកើតហេតុ ដោយចំណាយពេលជាច្រើនម៉ោងដើម្បីពន្លត់ភ្លើង ហើយអគ្គិភ័យត្រូវបានពន្លត់នៅម៉ោង ៣ និង០៧នាទីព្រឹក។ លោក​បន្ត​ថា​ មិន​មាន​អ្នក​ស្លាប់​និង​របួស​ត្រូវ​បាន​គេ​រាយការណ៍​ទេ ហើយ​ការងារ​ជួសជុល​កំពុង​ដំណើរការ។ ក្រុមហ៊ុន Jakel Group ដែលជាក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ និងវាយនភ័ណ្ឌដ៏ពេញនិយមរបស់ប្រទេសម៉ាឡេស៊ី បានប៉ាន់ប្រមាណជាបឋមថា បានខាតបង់ជិត ១០០ លាន RM (រូបិយប័ណ្ណម៉ាឡេស៊ី) បន្ទាប់ពីអគ្គិភ័យបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ទី១ ខែមករា។ រូបថតនៃឧបទ្ទវហេតុដែលត្រូវបានចែករំលែកដោយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ក៏ដូចជាផ្សែងហុយចេញពីតំបន់កែងក្បែរផ្លូវបំបែកចរាចរណ៍ដ៏មមាញឹក។ នាយកគ្រប់គ្រងក្រុមហ៊ុន លោក Mohamed Faroz បានសង្កត់ធ្ងន់ថា ក្រុមហ៊ុននឹងព្យាយាមស្វែងរកទីតាំងបណ្តោះអាសន្ននៅជុំវិញទីក្រុង Shah Alam ក្នុងពេលឆាប់ៗនេះ ដើម្បីបន្តអាជីវកម្មរបស់ខ្លួន មុនពេលការមកដល់នៃបុណ្យសាសនា រ៉ាម៉ាដាន (Ramadan) និង Hari Raya Puasa នៅឆ្នាំនេះ។ ជុំវិញឧបទ្ទវហេតុនេះ មេប៉ូលិសក្នុងស្រុក Shah Alam លោក Mohd Iqbal Ibrahim បានលើកឡើងថា សៀគ្វីខ្លីមួយត្រូវបានគេជឿថាជាមូលហេតុនៃអគ្គីភ័យ ហើយមិនមានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍ទេ។ គួរបញ្ជាក់ថា នាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះរបស់រដ្ឋ ព្យាយាមទៅកាន់ទីតាំងដើម្បីធ្វើកោសល្យវិច័យ និងកំណត់មូលហេតុនៃឧប្បត្តិហេតុនេះ៕ សម្រួលដោយ ទៀង បុណ្ណរី

 
អត្ថបទដែលជាប់ទាក់ទង