ការចាប់ផ្តើមបវេសនកាលថ្មី សិស្សានុសិស្សអាចរៀនសូត្របានក្នុងថ្នាក់រៀន ដែលមានអនាម័យ និងបរិយាកាសល្អវិស័យអប់រំ និងបរិស្ថានត្រូវផ្សារភ្ជាប់គ្នា

ខេត្តត្បូងឃ្មុំ ៖ “សិស្សានុសិស្ស អាចសិក្សារៀនសូត្របាននៅក្នុងថ្នាក់រៀន ដែលមានអនាម័យ និងបរិយាកាសល្អ” នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឳ បានលើកឡើង ក្នុងឱកាសអញ្ជើញជាអធិបតី បើកបវេសនកាលឆ្នាំសិក្សា ២០២២ – ២០២៣ នៅវិទ្យាល័យពាមជាំង ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា សិស្សានុសិស្ស នឹងធ្វើជាយុវជនបរិស្ថានគំរូ ដែលចូលរួមមិនបង្កើតសំណល់ ជាពិសេសសំណល់ប្លាស្ទិក (ដោយប្រើថង់បរិស្ថាន ប្រើដបទឹកឬសម្ភារដែលអាចប្រើប្រាស់ឡើងវិញ ជាដើម) ចេះគ្រប់គ្រងសំណល់ឱ្យបានល្អ ចូលរួមអនាម័យបរិស្ថាននៅផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ និងអាចជួយផ្សព្វផ្សាយបន្តដល់អ្នកជុំវិញខ្លួន អំពីអនាម័យបរិស្ថាន ដែលនាំឲ្យ មានសុខភាពល្អ និងមូលដ្ឋានស្អាត និងបៃតង។
ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា ការអប់រំគឺគន្លឺះនៃការអភិវឌ្ឍ និងជាអាទិភាព១ ក្នុងចំណោមអាទិភាពទាំងបួន របស់រាជរដ្ឋាភិបាល (មនុស្ស ទឹក ផ្លូវ ភ្លើង) គ្មានប្រទេសណា អាចអភិវឌ្ឍជឿនលឿនរុងរឿង បានដោយគ្មានធនធានមនុស្ស ប្រកបដោយសមត្ថភាព និងចំណេះដឹងទេ។ លើសពីនេះទៀត ឯកឧត្តមបានចែករំលែកចំណុចគ្រឹះចំនួន៨ ដែលផ្តោតសំខាន់លើការសិក្សា ឲ្យមានលទ្ធផលល្អ និងទទួលបានជោគជ័យ ដោយលើកទឹកចិត្តឲ្យមានការខិតខំរៀនសូត្រ ឧស្សាហ៍ព្យាយាម គោរពវិន័យ ច្បាប់ មានសីលធម៌ គុណធម៌ ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ តាមដូសកំណត់ដោយរាជរដ្ឋាភិបាល ចូលរួមសកម្មភាពសង្គម ធ្វើអំពើល្អ បន្តរក្សាការពារកេរដំណែល ដែលដូនតា និងអ្នកជំនាន់មុនបានបន្សល់ទុកឲ្យ និងការចូលរួមធ្វើឲ្យសាលារៀនស្អាត ភូមិឋានស្អាត សុខភាពល្អ។
សូមបញ្ចាក់ថា ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យពាមជាំង នាពេលនេះ បានប្រព្រឹត្តទៅជាមួយការរៀបចំយុទ្ធនាការអនាម័យបរិស្ថាន ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»។ ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានចែកជូនសម្ភារសិក្សា និងថវិកាដល់គណ:គ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទទួលបានជ័យលាភីប្រចាំឆ្នាំ ពីលេខ ១ ដល់លេខ៥ គ្រប់កម្រិតសិក្សា និងសិក្សានុសិស្ស ចូលរួមជាង៧០០នាក់ផងដែរ។ ដោយឡែក ឯកឧត្តម ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ បានផ្តល់ការលើកទឹកចិត្ត ដល់សិស្សចំនួន២ នៃវិទ្យាល័យពាមជាំង ទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌប់) និទ្ទេស A ចំនួន២នាក់ ម្នាក់ៗថវិកា ៥០០ដុល្លារ និងសម្ភារសិក្សាមួយចំនួន ព្រមទាំងបានចែកជូនធុងសំរាម និងសម្ភារសំអាតអនាម័យ ដល់សាលារៀន និងអាជ្ញាធរមូលដ្ឋានផងដែរ៕
អត្ថបទដែលជាប់ទាក់ទង